អ៊ីរ៉ង់តែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី សញ្ញាបង្ហាញពីការបន្តសង្គ្រាម
តេហេរ៉ង់៖ នាថ្ងៃចន្ទនេះ ប្រទេសអ៊ីរ៉ង់បានប្រកាសតែងតាំងលោក Mojtaba Khamenei ជាមេដឹកនាំកំពូលថ្មី ដើម្បីស្នងតំណែងពីឪពុកលោក គឺលោក អាលី ខាមេណី ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស។ ការសម្រេចចិត្តនេះ បញ្ជាក់យ៉ាងច្បាស់ថា ក្រុមអ្នកកាន់ជំហររឹងត្អឹងនៅតែបន្តក្តោបក្តាប់អំណាចយ៉ាងណែន ដែលហាក់ដូចជាបិទផ្លូវទាំងស្រុង ក្នុងការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាដោយឆាប់រហ័ស។
លោក Mojtaba Khamenei វ័យ ៥៦ឆ្នាំ ដែលជាបព្វជិតសាសនា
និងមានមូលដ្ឋានគ្រឹះអំណាចក្នុងកងកម្លាំងសន្តិសុខ ព្រមទាំងអាណាចក្រអាជីវកម្មដ៏ធំធេងនោះ
ត្រូវបានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា «មិនអាចទទួលយកបាន»
ហើយលោក ត្រាំ ក៏នៅតែបន្តទាមទារឱ្យអ៉ីរ៉ង់ «ចុះចាញ់ដោយគ្មានលក្ខខណ្ឌ»
ដដែល។ ដំណឹងនៃការស្នងតំណែងនេះ
បានធ្វើឱ្យទីផ្សារភាគហ៊ុនសកលធ្លាក់ចុះយ៉ាងគំហុក ខណៈតម្លៃប្រេងឆៅហក់ឡើងថ្លៃខ្លាំង
ដោយសារតែការភ័យខ្លាចថា ការរំខានដល់ការផ្គត់ផ្គង់ថាមពលពិភពលោក
អាចនឹងអូសបន្លាយពេលយូរជាងការរំពឹងទុក។
ទោះបីជាមានការវាយប្រហារតាមអាកាសឥតឈប់ឈរពីសំណាក់យោធាអាមេរិក-អ៊ីស្រាអែល
ក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបង្ហាញរូបភាពហ្វូងមនុស្សយ៉ាងច្រើនកុះករនៅតាមទីក្រុងនានា
ដើម្បីសម្តែងការគាំទ្រដល់មេដឹកនាំថ្មី។ នៅទីក្រុង Isfahan គេឃើញមានការជួបជុំគ្នានៅទីលាន Imam Square ក្រោមសំឡេងផ្ទុះពីការវាយប្រហារតាមអាកាសនៅក្បែរនោះ
ខណៈអ្នកគាំទ្របានស្រែកបួងសួងយ៉ាងខ្លាំងក្លាថា «មានតែការស្លាប់
ឬការគោរពតាមមេដឹកនាំ ខាមេណី ប៉ុណ្ណោះ ដែលឈានទៅកាន់ឋានសួគ៌»៕ (Reuters)

Post a Comment