អភិបាលខេត្តកែប ដាក់ចេញវិធានការក្ដៅ ក្នុងកិច្ចការពារសន្តិសុខតាមទីតាំងប្រមូលផ្ដុំ និងពង្រឹងការបង្ក្រាបបទល្មើស Online Scams
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ ក្នុងស្មារតីបុរេសកម្មលើការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម អុក ថា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អនុក្រឹត្យលេខ ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងកិច្ចប្រជុំយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងរីករាលដាលជាសកល។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដូចជា៖ ខុនដូ, បុរី, អគារជួលស្នាក់នៅរួម គឺជាសរសៃឈាមនៃការរក្សាសន្តិសុខ។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនូវចំណុចគន្លឹះ៖
• ត្រូវក្ដាប់ឱ្យបាននូវចំនួនអ្នកស្នាក់នៅ ទាំងជនជាតិខ្មែរ និងជនបរទេស ដើម្បីបង្ការការប្រើប្រាស់ទីតាំងទាំងនោះជាជម្រកនៃក្រុមឧក្រិដ្ឋជន។
• ម្ចាស់អគារត្រូវមានកាតព្វកិច្ចរាយការណ៍ និងសហការជាមួយសមត្ថកិច្ចក្នុងការផ្ដល់ព័ត៌មានមិនប្រក្រតីនានា។
ដោយមើលឃើញពីការវិវត្តនៃបទល្មើសបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានផ្ដល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់៖
• ត្រូវជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីល្បិចកលរបស់ជនខិលខូច ដែលប្រើប្រាស់ប្រព័ន្ធតេឡេក្រាម (Telegram) ឬបណ្ដាញសង្គមផ្សេងៗ ដើម្បីបោកបញ្ឆោតយកប្រាក់។
•កម្លាំងជំនាញត្រូវពង្រឹងសមត្ថភាពបច្ចេកទេស ដើម្បីតាមដាន និងបង្ក្រាបទីតាំងដែលបង្កប់ការងារឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងភូមិសាស្ត្រខេត្ត។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក្រើនរម្លឹកដល់មន្រ្តីទាំងអស់ថា យើងមិនត្រូវបណ្ដែតបណ្ដោយឱ្យខេត្តទេសចរណ៍ដ៏ស្រស់ត្រកាលរបស់យើង ក្លាយជាកន្លែងលាក់ខ្លួន ឬជាមូលដ្ឋាននៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យានោះឡើយ។ ឯកឧត្តមបញ្ជាក់ថា សន្តិសុខគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងទំនុកចិត្តរបស់ភ្ញៀវទេសចរ។
យ៉ាងណា តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត សង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្តការងារនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ខេត្តកែប នៅតែជាតំបន់ប្រកបដោយសុវត្ថិភាពខ្ពស់ គ្មានការបង្កប់បទល្មើសខុសច្បាប់ និងជាគោលដៅទេសចរណ៍ដ៏កក់ក្ដៅបំផុត៕











Post a Comment