រដ្ឋមន្ត្រីការបរទេសចិន អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ឈូងសមុទ្រ

ប៉េកាំង៖ នាថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានអំពាវនាវឱ្យមានការសម្រេចបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ឈូងសមុទ្រ ដោយសង្កត់ធ្ងន់ថា អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីនៃបណ្តាប្រទេសក្នុងតំបន់ ត្រូវតែទទួលបានការគោរពយ៉ាងពេញលេញ។ នេះបើតាមការចេញផ្សាយដោយ ក្រសួងការបរទេសចិន។

លោក វ៉ាង យី បានលើកឡើងបែបនេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសគុយវ៉ែត ស្របពេលដែលអ៊ីរ៉ង់កំពុងបើកការវាយប្រហារតបតវិញជុំវិញតំបន់ឈូងសមុទ្រ ទៅនឹងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អាមេរិក-អ៊ីស្រាអែល។

នៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក វ៉ាង យី ក៏បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកំពុងកើនឡើងកម្តៅយ៉ាងឆាប់រហ័សនេះ ដោយលោកបញ្ជាក់ថា ប្រទេសចិននឹងចូលរួមដើរតួនាទីយ៉ាងសកម្ម ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

សូមជម្រាបថា ការអំពាវនាវរបស់ចិននេះ ធ្វើឡើងក្នុងគ្រាដែលជម្លោះរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានអូសបន្លាយចូលដល់ថ្ងៃទី១០ ដែលបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងស្ថិរភាពនយោបាយនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល៕



 

Powered by Blogger.