កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ព្រមានបិទច្រកសមុទ្រ Hormuz ទាំងស្រុង បើ ត្រាំ វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល
តេហេរ៉ង់៖ នាថ្ងៃអាទិត្យ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ព្រមានថា ពួកគេនឹងបិទច្រកសមុទ្រ ហ័រមូស (Hormuz) ទាំងស្រុង ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញតាមការគំរាមកំហែងក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។
ការព្រមាននេះកើតឡើង បន្ទាប់ពីលោក ត្រាំ
បានគំរាមកាលពីថ្ងៃសៅរ៍ថា លោកនឹងកម្ទេចរោងចក្រថាមពលរបស់អ៊ីរ៉ង់ចោល
ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញក្នុងរយៈពេល
៤៨ម៉ោង។ ទោះបីជាលោក ត្រាំ បានថ្លែងកាលពីថ្ងៃមុនថា នឹងកាត់បន្ថយ សកម្មភាពយោធាក្តី ប៉ុន្តែការចេញមុខព្រមានវាយប្រហារនេះ
បង្ហាញពីការកើនឡើងកម្តៅដ៏ខ្លាំងក្លា ខណៈសង្គ្រាមឈានចូលដល់សប្តាហ៍ទី៤។
ក្នុងសេចក្តីថ្លែងការណ៍ដដែល កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមទៀតថា
ក្រុមហ៊ុននានាដែលមានភាគហ៊ុនអាមេរិក នឹងត្រូវកម្ទេចចោលទាំងស្រុង ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ក្លាយជាគោលដៅវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោន។
មិនតែប៉ុណ្ណោះ អ៊ីរ៉ង់បានប្រកាសយ៉ាងច្បាស់ថា
រាល់ហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសណាដែលអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន
នឹងត្រូវចាត់ទុកជាគោលដៅយោធាស្របច្បាប់ សម្រាប់ការវាយប្រហារតបតវិញភ្លាមៗ៕ (Reuters)

Post a Comment