អង់គ្លេស បញ្ជូននាវាចម្បាំង HMS Dragon ទៅកាន់សមុទ្រមេឌីទែររ៉ាណេ ដើម្បីការពារសម្ព័ន្ធមិត្ត
ឡុងដ៍៖ ចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូននាវាចម្បាំង HMS Dragon ឆ្ពោះទៅកាន់តំបន់សមុទ្រមេទែររ៉ាណេភាគខាងកើត ជាងមួយសប្ដាហ៍ក្រោយមូលដ្ឋានទ័ពអាកាសរបស់ខ្លួនក្នុងប្រទេសស៊ីប រងការវាយប្រហារដោយដ្រូនមួយគ្រឿង បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់។
កាលពីថ្ងៃទី១ ខែមីនា
មូលដ្ឋានទ័ពអាកាសអង់គ្លេសក្នុងប្រទេសស៊ីប
បានរងការវាយប្រហារដោយដ្រូនមួយគ្រឿងផលិតដោយអ៊ីរ៉ង់ ដែលត្រូវបានបាញចេញពីប្រទេសលីបង់
ឬអ៊ីរ៉ាក់។
រដ្ឋាភិបាលអង់គ្លេសបានរងការរិះគន់សម្រាប់ការយឺតយ៉ាវក្នុងការបញ្ជូននាវាចម្បាំងទៅតំបន់មជ្ឈិមបូព៌ា
ខណៈនាវាចម្បាំង និងយន្ដហោះចម្បាំងរបស់សម្ព័ន្ធមិត្តដទៃដូចជាបារាំង និងក្រិក
បានធ្វើដំណើរទៅដល់ប៉ុន្មានថ្ងៃក្រោយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកលើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។
តាមរដ្ឋាភិបាលអង់គ្លេស
ការសម្រេចចិត្តដាក់ពង្រាយនាវាចម្បាំង HMS Dragon ត្រូវបានធ្វើឡើងកាលពីសប្ដាហ៍មុនមកម្ល៉េះ
ប៉ុន្តែវាត្រូវការពេលវេលាប៉ុន្មានថ្ងៃដើម្បីត្រៀមលក្ខណៈ សម្រាប់ការដាក់ពង្រាយ។
ទីក្រុងឡុងដ៍ក៏បានការពារផងដែរការឆ្លើយតបរបស់ខ្លួន
ដោយនិយាយថាខ្លួនបានត្រៀមលក្ខណៈដាក់ពង្រាយបរិក្ខារយោធាទៅកាន់ តំបន់មជ្ឈិមបូព៌ា
ក្នុងនោះរួមមានប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារដែនអាកាស និងយន្ដហោះចម្បាំង F-35។
តាមគេហទំព័ររបស់កងទ័ពជើងទឹកអង់គ្លេស
នាវាចម្បាំង HMS Dragon មានសមត្ថភាពបាញ់ទម្លាក់ដ្រូន និងមីស៊ីលបាលិស្ទីគរបស់អ៊ីរ៉ង់៕
លោក Starmer បានអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព
អង់គ្លេសសម្រាប់ការការពារ
ប៉ុន្តែបាននិយាយថាលោកនឹងមិនអនុញ្ញាតឱ្យអង់គ្លេសចូលរួមក្នុងសកម្មភាពវាយលុកនោះទេ
លុះត្រាតែលោកប្រាកដថាការវាយប្រហារនោះស្របច្បាប់ និងមានគោលដៅច្បាស់លាស់៕ (Reuters)

Post a Comment