ហ្សេលេនស្គី៖ សហរដ្ឋអាមេរិក ភ្ជាប់ការធានាសន្តិសុខ ជាថ្នូរឱ្យអ៊ុយក្រែនបោះបង់ចោលតំបន់ Donbas

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយនៅអ៊ុយក្រែន ដោយភ្ជាប់ជាមួយលក្ខខណ្ឌឱ្យទីក្រុងកៀវបោះបង់ចោលតំបន់ Donbas ទាំងមូលនៃភាគខាងកើតប្រទេសទៅឱ្យរុស្ស៉ី។

នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦ លោក ហ្សេលេនស្គី បានកត់សម្គាល់ថាខណៈសហរដ្ឋអាមេរិកកំពុងផ្ដោតលើ សង្រ្គាមជាមួយអ៊ីរ៉ង់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងដាក់សម្ពាធលើអ៊ុយក្រែន ក្នុងកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមដែលបង្កឡើងដោយការឈ្លានពានរបស់រុស្ស៉ីចាប់តាំងពី ឆ្នាំ២០២២ ឱ្យបានឆាប់រហ័ស។ «ជាការពិតណាស់ មជ្ឈិមបូព៌ាបានជះឥទ្ធិពលលើលោកប្រធានាធិបតី ត្រាំ ហើយខ្ញុំកំពុងគិតគូរពីជំហានបន្ទាប់របស់លោក។ តែគួរឱ្យស្ដាយ ក្នុងការគិត របស់ខ្ញុំ លោកប្រធានាធិបតី ត្រាំ នៅតែបន្តជ្រើសរើសយកយុទ្ធសាស្ត្រដាក់សម្ពាធបន្ថែមលើភាគីអ៊ុយក្រែន»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។

លោក ហ្សេលេនស្គីបានប្រាប់ Reuters​ ថាសហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ការធានាសន្តិសុខ ប្រសិនបើអ៊ុយក្រែនយល់ព្រមដកខ្លួនចេញពីតំបន់ Donbas។ យ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែនបានអរគុណលោក ត្រាំ សម្រាប់ការបន្តផ្គង់ផ្គត់អាវុធសម្រាប់អ៊ុយក្រែន បើទោះជាកំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ក៏ដោយ។

សូមជម្រាបថា លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានទទូចម្ដងហើយម្ដងទៀតថាការគ្រប់គ្រងតំបន់ Donbas ទាំងមូលគឺជាធាតុផ្សំដ៏សំខាន់មួយនៃគោលដៅសង្រ្គាមរបស់លោក ដែលទីក្រុងមូស្គូអះអាងថានឹងសម្រេចគោលដៅនេះឱ្យបានដោយប្រើកម្លាំងយោធា ប្រសិនបើមិនអាចធ្វើបានតាមរយៈកិច្ចចរចា។ លោក ហ្សេលេនស្គីវិញក៏បានលើកឡើងជាច្រើនលើក ផងដែរថាប្រទេសរបស់លោកត្រូវការការធានាសន្តិសុខយ៉ាងរឹងមាំពីដៃគូអន្តរជាតិជាពិសេសសហរដ្ឋអាមេរិក ដើម្បីធានាថារុស្ស៉ីនឹងមិនបើកការវាយប្រហារជាថ្មីនៅពេលអនាគត ក្នុងករណីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា៕






 

Powered by Blogger.