ប្រធាន គ ជ ប៖ អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ
ភ្នំពេញ៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា អតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧបត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការ(គ ជ ប ) ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍រំលឹកថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ១៩៩៧ គ.ជ.ប ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩៨ ដើម្បីរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតស្របតាមការកំណត់នៃច្បាប់។ ដំបូងឡើយមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់គឺជាមន្រ្តីជាប់កិច្ចសន្យាដែលបន្តនិរន្តរភាព ការងារមួយឆ្នាំម្តង រហូតដល់ឆ្នាំ២០១៥ ទើបមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់ត្រូវបានធ្វើសមាហរណកម្មបញ្ចូលទៅក្នុងលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប រួមទាំងអ្នកដែលមានអាយុលើស ៦០ឆ្នាំ។
ឯកឧត្ដមបន្តថា យោងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្រ្តីរាជការនៃ គ.ជ.ប អ្នករាជការ គ.ជ.ប ដែលមាន អាយុលើសពីការកំណត់ អាចអនុញ្ញាតបន្តឱ្យធ្វើការបានតាមការស្នើសុំរបស់សាមីខ្លួនមួយឆ្នាំម្តង មិនឱ្យលើសពី៤ដងទេ។ ប៉ុន្តែស្ថានភាពនៅពេលនោះ យើងមិនទាន់មានលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបង្កើតបេឡា សន្តិសុខសង្គមផ្នែកប្រាក់សោធន រួមនឹងលក្ខខណ្ឌ និងនីតិវិធីស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប ដែលជាហេតុនាំឱ្យការដាក់អ្នករាជការ គ.ជ.ប ចូលនិវត្តត្រូវបានពន្យារពេល។
ឯកឧត្តមបន្តទៀតថា នៅចុងឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីនាពេលនោះ បានឯកភាពតាមសំណើរបស់ គ.ជ.ប ដែលអនុញ្ញាតឱ្យ គ.ជ.ប អនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់មន្រ្តីរាជការ គ.ជ.ប ដូចគ្នានឹងការអនុវត្តសម្រាប់មន្រ្តីរាជការនៃក្រុមនីតិប្បញ្ញត្តិ រហូតដល់មានលិខិត បទដ្ឋានគតិយុត្តថ្មី ដែលអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមមកជំនួស ហើយរដ្ឋចូលរួមបង់ភាគទានក្នុង ទំហំ៧ភាគរយនៃប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ ខណៈអ្នករាជការ គ.ជ.ប ត្រូវបង់ភាគទាន ៦ភាគរយនៃប្រាក់បៀវត្សមូលដ្ឋាន និងប្រាក់បំណាច់ផ្សេងៗ។ បន្ទាប់មក គ.ជ.ប បានបង្កើតបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប នៅឆ្នាំ២០២១ ដែលកិច្ចការនេះពិតជាបានឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ គ.ជ.ប ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់និវត្តជន គ.ជ.ប។ ឯកឧត្ដមប្រធាន គ ជ ប គូសបញ្ជាក់ថា ការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប នាពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.បពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប។
ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងបន្ថែមថា គិតត្រឹមបច្ចុប្បន្ន គ.ជ.ប មាននិវត្តជនសរុបចំនួន ៣៨រូប ហើយ គ.ជ.ប គ្រោងនឹងដាក់អ្នករាជការ គ.ជ.ប ចំនួន ១២រូបទៀតឱ្យចូលនិវត្តនៅក្នុងឆ្នាំ២០២៦នេះ៕




Post a Comment