វៀតណាមត្រៀមខ្លួនកាត់បន្ថយជើងហោះហើរចាប់ពីខែមេសា

ហាណូយ៖ អាជ្ញាធរវៀតណាមបានចេញសេចក្តីព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ជាតិឱ្យត្រៀមខ្លួនសម្រាប់ការកាត់បន្ថយជើងហោះហើរ ចាប់ពីខែមេសាតទៅ បន្ទាប់ពីប្រទេសចិន និងថៃ បានសម្រេចចិត្តផ្អាកការនាំចេញប្រេងយន្តហោះជាបណ្តោះអាសន្ន ដោយសារឥទ្ធិពលនៃសង្គ្រាមនៅអ៊ីរ៉ង់ ដែលបានបង្កឱ្យមានក្តីបារម្ភពីការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ។

យោងតាមឯកសារពីនិយតករអាកាសចរណ៍ និងក្រុមហ៊ុននាំចូលប្រេង វៀតណាមពឹងផ្អែកលើការនាំចូលប្រេងយន្តហោះជាង ២/៣ នៃតម្រូវការសរុប ដោយក្នុងនោះ ៦០ភាគរយគឺនាំចូលពីចិន និងថៃ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម បានបញ្ជាក់ក្នុងឯកសារចុះថ្ងៃទី៩ ខែមីនាថា «មានហានិភ័យនៃការខ្វះខាតប្រេងយន្តហោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ចាប់ពីដើមខែមេសា និងខែបន្តបន្ទាប់ទៀត»។ អាជ្ញាធរបានណែនាំឱ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការពិនិត្យឡើងវិញនូវផែនការហោះហើរ ជាពិសេសលើផ្លូវហោះហើរក្នុងស្រុក និងត្រៀមទីតាំងចតយន្តហោះបន្ថែមនៅតាមអាកាសយានដ្ឋាន។

នៅក្នុងស្ថានភាពនេះ ក្រុមហ៊ុន Skypec បានជំរុញឱ្យអាជ្ញាធររឹតត្បិតជើងហោះហើរ ដោយទុកតែផ្លូវហោះហើរក្នុងស្រុកដែលចាំបាច់បំផុត ប្រសិនបើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ទាំងក្រសួងដឹកជញ្ជូនវៀតណាម និងក្រុមហ៊ុនអាកាសចរណ៍ធំៗដូចជា Vietnam Airlines និង VietJet នៅមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។

សូមជម្រាបថា ក្រៅពីចិន និងថៃ វៀតណាមក៏កំពុងប្រឈមនឹងការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេងពីសិង្ហបុរីផងដែរ។ ក្រុមហ៊ុននាំចូលប្រេងធំៗពីរគឺ Petrolimex និង Skypec បានរាយការណ៍ថា ពួកគេអាចធានាការផ្គត់ផ្គង់បានត្រឹមតែខែមីនាប៉ុណ្ណោះ៕ (Reuters)



 

Powered by Blogger.