ខេត្តកែបត្រៀមបើកការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីលើកកម្ពស់សោភ័ណភាពតំបន់ឆ្នេរ និងការពារប្រព័ន្ធអេកូឡូស៊ី
អត្ថបទ ៖ ទ្រី ហៀន
ខេត្តកែប៖ ក្នុងគោលដៅប្រែក្លាយខេត្តកែបឱ្យទៅជាគោលដៅទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ និងប្រកបដោយចីរភាព គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានសម្រេចរៀបចំគម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ថ្មីមួយ ដែលនឹងចាប់ផ្តើមដំណើរការការដ្ឋាននាពេលឆាប់ៗខាងមុខនេះ ហើយគម្រោងនេះមានគោលបំណងចម្បងក្នុងការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ដោយផ្ទាល់ចូលទៅក្នុងសមុទ្រ ដែលអាចបង្កជាផលប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះសមុទ្រ និងសុខភាពសាធារណៈ។នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយព័ត៌មានលម្អិតអំពីគម្រោងនេះ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍នេសាទភូមិថ្មី និងសហគមន៍នេសាទភូមិកំពង់ត្រាច ដោយលោកអភិបាលរងបានសង្កត់ធ្ងន់ថា ការសាងសង់អាងប្រព្រឹត្តិកម្មនេះ គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការគ្រប់គ្រងកាកសំណល់រាវតាមស្តង់ដារបច្ចេកទេស។
សារៈសំខាន់ និងអត្ថប្រយោជន៍នៃគម្រោង៖
កិច្ចគាំពារបរិស្ថានសមុទ្រ៖ អាងប្រព្រឹត្តិកម្មនេះនឹងដើរតួនាទីជាតម្រងចម្រោះយ៉ាងសំខាន់ ដើម្បីធានាថាទឹកដែលបង្ហូរចូលសមុទ្រ គឺជាទឹកដែលបានឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មត្រឹមត្រូវ មិនមានសារធាតុពុល ឬបាក់តេរីដែលបំផ្លាញឆ្នេរខ្សាច់ និងផ្កាថ្ម។
ការលើកកម្ពស់វិស័យទេសចរណ៍៖ ការរក្សាបាននូវភាពស្អាតនៃទឹកសមុទ្រ និងខ្យល់អាកាសបរិសុទ្ធ គឺជាកត្តាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន ដែលជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
អត្ថប្រយោជន៍ផ្ទាល់ដល់សហគមន៍៖ ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៣ នៃក្រុងកែប នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការរៀបចំប្រព័ន្ធអេកូឡូស៊ី (ប្រព័ន្ធលូបង្ហូរទឹក) និងហេដ្ឋារចនាសម្ព័ន្ធស្អាតបាត កិច្ចគាំពារបរិស្ថាន (បញ្ចៀសការធំក្លិនស្អុយ) និងកាត់បន្ថយជំងឺដង្កាត់ផ្សេងៗ។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមហ៊ុនបច្ចេកទេស ដើម្បីឱ្យដំណើរការសាងសង់ប្រព្រឹត្តទៅដោយរលូនតាមកាលកំណត់។គម្រោងនេះមិនត្រឹមតែជាការកសាងរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគលើ "អនាគតបៃតង" របស់ខេត្តកែប ដើម្បីរក្សាកេរ្តិ៍ឈ្មោះជា "ក្រុងទេសចរណ៍ស្អាតបំផុត" ក្នុងតំបន់៕










Post a Comment