សហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង
សេអ៊ូល៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយជាមួយកូរ៉េខាងត្បូង ដោយមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់ ខណៈកំពុងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ការធ្វើសមយុទ្ធរួមគ្នារវាងសម្ព័ន្ធមិត្តទាំង២
កើតមានឡើងចំពេលប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោនបានរើបរិក្ខារយោធាមួយចំនួនចេញពី
កូរ៉េខាងត្បូងដើម្បីគាំទ្រដល់ការធ្វើសង្រ្គាមប្រឆាំងអ៊ីរ៉ង់។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកងទ័ពកូរ៉េខាងត្បូង
១៨ ០០០នាក់នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកមានឈ្មោះថា Freedom
Shield ដែលនឹងត្រូវ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។
កងទ័ពអាមរិកប្រចាំកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើមានកងទ័ពអាមេរិកប៉ុន្មាននាក់នឹងត្រូវចូលរួមនោះទេ។
កាលពីសប្ដាហ៍មុន
កងទ័ពអាមេរិកឈរជើងនៅកូរ៉េខាងត្បូងបាននិយាយថាខ្លួននឹងមិនធ្វើអត្ថាធិប្បាយអ្វីជាក់លាក់លើ
បញ្ហាបរិក្ខារយោធានោះទេ ក្រោមហេតុផលសន្តិសុខ។ ក្រុមមន្ត្រីកូរ៉េខាងត្បូង
ក៏បានបដិសេធធ្វើការអត្ថាធិប្បាយផងដែរពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍ដែលថាប្រព័ន្ធខែលប្រឆាំងមីស៊ីល
Patriot
និងបរិក្ខារដទៃទៀតត្រូវបានបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា
ប៉ុន្តែពួកគេបានអះអាងថានឹងមិនមានផលប៉ះពាល់ធំដុំអ្វីដល់ជំហរការពាររួមគ្នារបស់ប្រទេសទាំង២ឡើង។
សូមជម្រាបថា សមយុទ្ធ Freedom
Shield ត្រូវបានរំពឹងថានឹងធ្វើឱ្យកូរ៉េខាងជើងក្ដៅក្រហាយ ដ្បិតទីក្រុងព្យុងយ៉ាងជារឿយៗបានចាត់ទុកថាការធ្វើសមយុទ្ធរួមគ្នារវាង
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគឺជាការត្រៀមលក្ខណៈឈ្លានពាន
និងប្រើវាជាលេសដើម្បីបង្កើនសាច់ដុំយោធា និងធ្វើតេស្តអាវុធ៕

Post a Comment