អ៊ីរ៉ង់ ថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះសង្រ្គាម
តេហេរ៉ង់៖ អ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ បានប្ដេជ្ញាថានឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ដាយក្រោយចំពោះសង្រ្គាមដែលកំពុងកើតឡើង ខណៈបន្តបិទច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់។
ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចនឹងបង្កទៅជាវិបត្តិធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មប្រេង។
ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
បាននិយាយនៅលើបណ្ដាញទំនាក់ទំនងសង្គមថាការវាយបំបាក់អ៊ីរ៉ង់
គឺសំខាន់ជាងប្រេងឡើងថ្លៃទៅទៀត។ លោក ត្រាំ
កំពុងប្រឈមមុខនឹងសម្ពាធនយោបាយកាន់តែខ្លាំង
នៅចំពោះមុខផលវិបាកសេដ្ឋកិច្ចសកលនៃវិបត្តិដែលកំពុងកើនឡើង ខណៈលោកបានបញ្ជូនសារចម្រុះថាតើសង្រ្គាមជាមួយអ៊ីរ៉ង់នឹងបញ្ចប់នៅពេលណា?
ប្រមុខសន្តិសុខអ៊ីរ៉ង់ លោក Ali
Larijani បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា «ខណៈការចាប់ផ្ដើមសង្រ្គាមជារឿងងាយស្រួល
វាមិនអាចឈ្នះសង្រ្គាមតាមរយៈការបង្ហោះ សារលើបណ្ដាញទំនាក់ទំនងសង្គមនោះទេ។
យើងនឹងមិនចុះញ៉ុមឡើយ រហូតទាល់តែយើងធ្វើឱ្យពួកអ្នកស្ដាយក្រោយចំពោះការគិតខុសដ៏ធ្ងន់ធ្ងរនេះ»។
ការអត្ថាធិប្បាយរបស់លោក Ali
Larijani ធ្វើឡើងបន្ទាប់ពីលោក Mojtaba Khamenei កាលពីថ្ងៃព្រហស្បតិ៍បានចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងបំផុត ចាប់តាំងពី
ត្រូវបានតែងតាំងជាមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន
បន្ទាប់ពីឪពុករបស់លោក គឺលោក Ali Khamenei ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល។
ក្នុងសេចក្ដីថ្លែងការណ៍ លោក Mojtaba បានប្រកាសថាអ៊ីរ៉ង់នឹងបន្តបិទច្រកសមុទ្រ
Hormuz៕ (AFP)

Post a Comment