ស្រីលង្កា កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ដោយសរវិបត្តិប្រេងសាំងធ្ងន់ធ្ងរ

បរទេស៖ ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់​ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។

ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។

យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នឹងនៅតែបន្តដំណើរការជាធម្មតា។ ស្តុកប្រេងសាំងនិងម៉ាស៊ូតបម្រុងរបស់ស្រីលង្កា អាចប្រើប្រាស់បានជិត៦សប្តាហ៍ទៀត ប៉ុន្តែ បើមានផលរំខានណាមួយដល់ការផ្គត់ផ្គង់ថ្មីនោះ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ប្រទេសដែនកោះមួយនេះ។

ព្រោះតែវិបត្តិធ្ងន់ធ្ងរ ស្រីលង្កា បានចាប់ផ្តើមការបែងចែកប្រេងឥន្ធនៈ ដោយកំណត់ឲ្យអ្នកបើកបរម្នាក់ៗចាក់សាំងឬម៉ាស៊ូត ត្រឹម១៥លីត្រប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានអនុញ្ញាតឲ្យចាក់បានរហូតដល់២០០លីត្រ។

សូមជម្រាបថា ក្រៅពីស្រីលង្កាប្រទេសប៉ាគីស្ថាន ក៏កំពុងប្រឈមនឹងវិបត្តិថាមពលរ៉ាំរ៉ៃផងដែរ ដោយឥឡូវ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានពិភាក្សា និងចាប់ផ្តើមអនុវត្តនៅតាមខេត្តមួយចំនួននូវការ បិទផ្សារ និងអាជីវកម្មឲ្យបានលឿនជាងមុន (ប្រហែលម៉ោង ៨ យប់) និងអនុញ្ញាតឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះនៅថ្ងៃសុក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំងលើមធ្យោបាយធ្វើដំណើរ៕






 

 

 

Powered by Blogger.