យន្ដហោះចាក់សាំងអាមេរិកមួយគ្រឿង ធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់
វ៉ាស៊ីនតោន៖ យោធាអាមេរិកបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦ ថាយន្ដហោះចាក់សាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិកធុន KC-135 បានធ្លាក់នៅឯភាគខាងលិច នៃប្រទេសអ៊ីរ៉ាក់ ខណៈយន្ដហោះមួយគ្រឿងទៀតដែលជួបបញ្ហាដែរនោះបានចុះចតដោយសុវត្ថិភាព។
ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកដែលទទួលបន្ទុកលើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ា
បានគូសបញ្ជាក់ថា មានយន្ដហោះមួយគ្រឿងបានធ្លាក់នៅឯភាគខាងលិចអ៊ីរ៉ាក់
ហើយយន្ដហោះទី២បានចុះចតដោយសុវត្ថិភាព។ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM
បានបន្ថែមទៀតថាការធ្លាក់នេះមិនមែនដោយសារការបាញ់ទម្លាក់ពីសត្រូវ
ឬក៏បាញ់ច្រឡំគ្នាឯងនោះទេ។
ក៏ប៉ុន្តែ យោធាអ៊ីរ៉ង់បានអះអាងក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍រដ្ឋថាសម្ព័ន្ធមិត្តមួយរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់
បានបាញ់ទម្លាក់យន្ដហោះយោធាអាមេរិកជាមួយមីស៊ីលមួយគ្រាប់
ដោយសម្លាប់អ្នកនៅលើយន្ដហោះនោះទាំងអស់។
សូមជម្រាបថា KC-135 គឺជាយន្ដហោះយោធាអាមេរិកទី៤ហើយដែលបានធ្លាក់អំឡុងសង្រ្គាមជាមួយអ៊ីរ៉ង់ដែលផ្ទុះឡើងកាលពីថ្ងៃទី២៨
ខែកុម្ភៈមក បន្ទាប់ពីយន្ដហោះចម្បាំង F-15 ៣គ្រឿង
ត្រូវបានបាញ់ទម្លាក់ដោយការបាញ់ច្រឡំត្រូវគ្នាឯងនៅក្នុងប្រទេសកូវ៉ែត។
យោធាអាមេរិកកំពុងបើកប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ
ក្រោយការធ្លាក់យន្ដហោះនេះ៕ (AFP)

Post a Comment