ត្រាំ ប្រកាសពន្យារពេលវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ៥ថ្ងៃ,អះអាងថាបានពិភាក្សាជាមួយអ៊ីរ៉ង់ប្រកបដោយផ្លែផ្កា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់រយៈពេល ៥ថ្ងៃ ដោយអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានជជែកពិភាក្សាគ្នាយ៉ាងល្អ និងប្រកបដោយផ្លែផ្កា កាលពី២ថ្ងៃមុន ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាទាំងស្រុង។
ការពន្យារពេលបណ្តោះអាសន្ននេះ កើតឡើងចំពេលដែលឱសានវាទ
៤៨ម៉ោង ដែលលោក ត្រាំ បានដាក់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ ហ័រមូស (Hormuz)
ឡើងវិញនោះ បានផុតកំណត់នៅព្រឹកនេះ។ មុនការសម្រេចចិត្តនេះបន្តិច
ក្រុមប្រឹក្សាការពារជាតិអ៊ីរ៉ង់ បានចេញមុខព្រមានយ៉ាងដាច់អហង្ការថា
រាល់ការប៉ុនប៉ងវាយប្រហារលើឆ្នេរសមុទ្រ ឬកោះនានារបស់អ៊ីរ៉ង់
នឹងជំរុញឱ្យទីក្រុងតេហេរ៉ង់ «ដាក់មីនបិទខ្ទប់ខ្សែបន្ទាត់ទំនាក់ទំនងទាំងអស់នៅក្នុងឈូងសមុទ្រពែក្ស»
ជាការឆ្លើយតប។
ទោះបីជាមានការផ្អាកការវាយប្រហារលើគោលដៅថាមពលក្តី
ប៉ុន្តែភាពតានតឹងរវាងភាគីទាំងពីរនៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុត ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា
តើកិច្ចចរចារយៈពេល ៥ថ្ងៃនេះ នឹងអាចនាំទៅរកបទឈប់បាញ់ជាស្ថាពរ
ឬគ្រាន់តែជាការផ្អាកដើម្បីរៀបចំយុទ្ធសាស្ត្រវាយលុកថ្មី៕ (CNN)

Post a Comment