ប្រទេសចំនួនបី កំពុងធ្វើជាអ្នកសម្របសម្រួលសន្តិភាពអាមេរិក-អ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសឱ្យពន្យារពេលការវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់រយៈពេល ៥ថ្ងៃ ក្រោយមានកិច្ចចរចា ភ្នាក់ងារព័ត៌មាន Axios បានរាយការណ៍ថា ប្រទេសតួកគី អេហ្ស៊ីប និងប៉ាគីស្ថាន​​​ កំពុងធ្វើជាអ្នកសម្របសម្រួលសន្តិភាពអាមេរិក-អ៊ីរ៉ង់​។​

របាយការណ៍បានគូសបញ្ជាក់ថា​ ប្រទេសទាំងបីរបានជួបពិភាក្សាជាមួយប្រេសិតពិសេសសេតវិមាន លោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអីរ៉ង់ លោក Abbas Araghchi ជាបន្តបន្ទាប់ ដើម្បីស្វែងរកផ្លូវបញ្ចប់សង្គ្រាមនេះ។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកកិច្ចសន្ទនាដ៏ល្អ និងប្រកបដោយផ្លែផ្កាបំផុត អំឡុងពេល ២ថ្ងៃកន្លងមកនេះ សំដៅឈានទៅរកដំណោះស្រាយបញ្ចប់ជម្លោះទាំងស្រុងនៅក្នុងតំបន់មជ្ឈិមបូព៌ា។

ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានទទួលស្គាល់ថាមានគំនិតផ្តួចផ្តើម ជាច្រើនដើម្បីកាត់បន្ថយភាពតានតឹង ប៉ុន្តែទីក្រុងតេហេរ៉ង់បានទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកចាប់ផ្តើមសង្គ្រាមនេះ ត្រូវចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចា។ ទោះជាយ៉ាងណា សេតវិមានមិនបានឆ្លើយតបចំពោះសំណួរទាក់ទងនឹងខ្លឹមសារនៃការចរចា ឬទីតាំងដែលកិច្ចប្រជុំនោះត្រូវបានធ្វើឡើងឡើយ៕




 

Powered by Blogger.