អាជ្ញាធរស្រុកដំណាក់ចង្អើរ បំភ្លឺជុំវិញករណីចាក់ដីនៅតំបន់ឆ្នេរអង្កោល

អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ រដ្ឋបាលស្រុកដំណាក់ចង្អើរ បានចេញមកបំភ្លឺជាបឋមជុំវិញករណីការចាក់ដីនៅចំណុចភូមិអង្កោល ឃុំអង្កោល បន្ទាប់ពីមានការសង្ស័យថាមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រ។ ក្រោយការចុះពិនិត្យផ្ទាល់ពីសំណាក់មន្ត្រីជំនាញ អាជ្ញាធរអះអាងថា ម្ចាស់ដីមានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែបានចាក់ដីរំលោភលើចំណីផ្លូវសាធារណៈ។

លោក ធិន ស៊ីណា អភិបាលរងស្រុកដំណាក់ចង្អើរ ទទួលបន្ទុកការងារដីធ្លី បានដឹកនាំក្រុមការងារគណៈកម្មការថ្នាក់ស្រុក ចុះទៅពិនិត្យទីតាំងជាក់ស្តែង ដើម្បីឆ្លើយតបទៅនឹងការបារម្ភរបស់សាធារណជន។ ជាលទ្ធផលនៃការចុះអង្កេត លោកអភិបាលរងបានបញ្ជាក់ជូននូវចំណុចសំខាន់ៗចំនួន ៣ ដូចខាងក្រោម៖

​១. ភាពស្របច្បាប់នៃកម្មសិទ្ធិ៖ ម្ចាស់ដីដែលកំពុងដំណើរការចាក់ដីបំពេញនោះ គឺមានប្លង់កម្មសិទ្ធិដីធ្លី និងមានលិខិតអនុញ្ញាតច្បាប់ក្នុងការចាក់ដីពីអាជ្ញាធរមានសមត្ថកិច្ចរួចរាល់។

​២. ស្ថានភាពឆ្នេរសមុទ្រ៖ តាមរយៈការវាស់វែង និងផ្ទៀងផ្ទាត់ជាមួយផែនទីសូរិយោដី ទីតាំងដែលកំពុងចាក់ដីនោះ "មិនបានរំលោភបំពានចូលទៅក្នុងដីចំណីឆ្នេរសាធារណៈ" ដូចដែលមានការសង្ស័យពីមុនមកនោះទេ។

​៣. ការរកឃើញកំហុសបច្ចេកទេស៖ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានរកឃើញថា ម្ចាស់ដីបានចាក់ដីរំលោភចូលទៅក្នុង "ដីចំណីផ្លូវសាធារណៈ" ដែលមានប្រវែងសរុប ៦០ ម៉ែត្រ ដោយក្នុងនោះម្ខាងរំលោភចូល ៦ ម៉ែត្រ និងម្ខាងទៀតរំលោភចូល ១ ម៉ែត្រ។

​បច្ចុប្បន្ន អាជ្ញាធរស្រុកកំពុងបន្តនីតិវិធីដើម្បីឱ្យម្ចាស់ដីធ្វើការកែសម្រួល និងអនុវត្តឱ្យបានត្រឹមត្រូវតាមព្រំប្រទល់ដែលច្បាប់បានកំណត់ ដើម្បីធានាថាការអភិវឌ្ឍឯកជននេះ មិនប៉ះពាល់ដល់ប្រយោជន៍ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈរបស់រដ្ឋឡើយ។

យ៉ាងណា ​នេះគឺជាព័ត៌មានបឋមដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន ហើយយើងនឹងបន្តតាមដានព័ត៌មានលម្អិតបន្ថែមទៀតពាក់ព័ន្ធនឹងវិធានការបន្តរបស់រដ្ឋបាលខេត្តកែបលើករណីនេះ។

​យោងតាមអនុក្រឹត្យលេខ ១១ ស្តីពីការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រ ចម្ងាយដែលត្រូវបានកំណត់ជាដីចំណីឆ្នេរមានដូចខាងក្រោម៖

​ចម្ងាយ ១០០ ម៉ែត្រ៖ គិតចាប់ពីមាត់ទឹកសមុទ្រឡើងមកលើគោក (ករណីឆ្នេរខ្សាច់ ឬតំបន់ទំនាប)។

​ករណីពិសេស៖ ចំពោះតំបន់ដែលមានលក្ខណៈភូមិសាស្ត្រខុសប្លែកពីគេ (ដូចជាតំបន់ភ្នំជាប់សមុទ្រ) ការកំណត់អាចប្រែប្រួលទៅតាមការសម្រេចរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) )៕






Powered by Blogger.