ឯកឧត្តម ញ៉ែម សំអឿន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តីពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី

 អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិភាក្សាស្តី ពីការរៀបចំសង្ក្រាន្តឆ្នាំថ្មី ២០២៦ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាលាខេត្តអគារ (A)

ក្នុងកិច្ចប្រជុំ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ ហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ និងហាមឃាត់ការ លេងបាញ់ទឹក ជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើម ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រវរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ឯកឧត្តម បន្តថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺ ការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ ធ្នាប់ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ហើយឆ្នាំនេះក៏ដូចឆ្នាំកន្លងមករដ្ឋបាលខេត្ត នឹងរៀបចំធ្វើសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ។ ដូច្នេះហើយសូមថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅមុខអង្គភាពរៀងៗខ្លួនចូលរួមអបអរសង្រ្កាន្តឆ្នាំថ្មី។ គ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការរៀបចំពពិធីបុណ្រ ដើម្បីរួមចំណែករក្សា ការពារសន្តិសុខ សុវត្ថិភាព និង កែលម្អសោភ័ណភាពកន្លែងកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលមានការឡើងកំដៅខ្លាំង។

 តាមរយៈកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ញ៉ែម សំអឿន បាន អំពាវនាវឱ្យបងប្អូនអាជីវករទ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និង សម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ហើយត្រូវរៀបចំ ឬតាំងព្យួរ រាល់មុខទំនិញ ឱ្យមានសណ្ដាប់ធ្នាប់ និង របៀបរៀបរយល្អ តាមការណែនាំរបស់គណៈកម្មការរៀបចំពិធីបុណ្យ និងហាមឃាត់ការលេងបាញ់ទឹកជះទឹក ប៉ាតម្សៅ ប៉ាតធ្យូង និងដុតផាវជាដើមព្រមទាំងហាមលេងល្បែងស៊ីសងគ្រប់ប្រភេទ។ ចំពោះម្ចាស់ទីតាំងទទួលផ្ញើកង់ ម៉ូតូ និង រថយន្តទាំងអស់ ត្រូវរៀបចំកង់ ម៉ូតូ និង រថយន្តឱ្យមានសណ្ដាប់ធ្នាប់ល្អ មិនត្រូវយកផ្លូវថ្នល់មកធ្វើអាជីវកម្ម និង ទទួលខុសត្រូវបោសសម្អាតឱ្យបានស្អាតជាប្រចាំ ។ ត្រូវមានបំពង់ពន្លត់អគ្គិភ័យ និង យល់ដឹងពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ។ ត្រូវរៀបចំកន្លែងដុតទៀន ធូប ឱ្យនៅឆ្ងាយពីទំនិញ ដែលកំពុងដាក់តាំងលក់ដូរនៅតាមតូប ឬស្តង់ផ្សេងៗ ។ ត្រូវម្ចាស់ការពន្លត់ភ្លើងទៀន ធូប ចង្រ្កាន និង បិទប៉ារ៉ែតភ្លើង ឬ ឌីហ្សង់ទ័រអគ្គិសនីឱ្យបានត្រឹមត្រូវ មុននឹងចាកចេញទៅកាន់លំនៅឋានវិញរៀងៗខ្លួន និងត្រូវធ្វើអនាម័យ នៅខាងក្រោយ និង ខាងមុខតូប ឬ ស្តង់របស់ខ្លួនព្រមទាំងវេចខ្ចប់ បែងចែកសំរាមស្ងួត សំរាមសើម ឱ្យបានត្រឹមត្រូវតាមការកំណត់ជាប្រចាំផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ រដ្ឋបាលខេត្តរតនគិរីនឹងរៀបចំសង្រ្កាន្តឆ្នាំថ្មី នៅបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ។ រយៈពេល៣នេះ នឹងមានការលេងល្បែងកម្សាន្តប្រជាប្រិយខ្មែរ នានាមាន ដូចជា៖ ចោលឈូង.បោះអង្គុញ.ចាប់កូនខ្លែង.លោតអន្ទាក់. លាក់កន្សែង.ទាញព្រ័ត្រ.លោតបាវ.ពាំពងទា.វាយក្អម/ទូលក្អម. ល្បែង ស្វាដណ្តើមស្លឹកឈើ.ប្រណាំជិះកង់លឿន/យឺត ការប្រគុំតន្ត្រីបុរាណ សម័យ រាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញផលិតផលនានា ជាដើម៕












Powered by Blogger.