បើកសម្ពោធអគារសិក្សាថ្មីនៃសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី (AUPP Liger Leadership Academy)

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ សាលាអេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានបើកសម្ពោធអគារសិក្សាថ្មីនៅក្នុង​ខណ្ឌជ្រោយចង្វារដែលជាសក្ខីភាពនៃការរីកចម្រើនជាបន្តបន្ទាប់នៃកម្មវិធីសិក្សាឡៃហ្គឺ និងប្រសិទ្ធភាពនៃ​កម្មវិធីស្នាក់នៅក្នុងសាលាដែលបាន​ជំរុញឱ្យសិស្សសាលានេះទទួល​បានលទ្ធផលល្អលើសពីការរំពឹងទុក។

កម្មវិធីសិក្សារបស់សាលា ផ្តោតទៅលើសិស្សជាចម្បង ដោយបញ្ចូលការសិក្សាផ្នែកវិទ្យាសាស្ត្រ ការបណ្តុះបណ្តាលភាពដឹកនាំ ការស្រាវជ្រាវរបស់សិស្ស ការដោះស្រាយបញ្ហាពិតៗក្នុងសង្គម ការអភិវឌ្ឍអត្តចរិត និងជំនាញបំនិនជីវិតសំខាន់ៗ។

     ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្មុងពធីសម្ពោធនេះ។ 

      លោកស្រី Janet Tartaglia នាយិកសាលា អេយូភីភី ឡៃហ្គឺ លីឌឺហ្សីប អាកាឌឺមី បានថ្លែងអំណរគុណដល់ដៃគូ និងមាតាបិតាសិស្សសម្រាប់ការគាំទ្រ និងទំនុកចិត្តដល់សាលាជាង១០ឆ្នាំមកនេះ។ 

លោកស្រី Janet Tartaglia បានបន្តថា «រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធីសិក្សាឡៃហ្គឺ បានបង្ហាញថា ពេលដែលសិស្សរបស់ឡៃហ្គឺប្រឈមនឹងបញ្ហា ពួកគេមានទំនុកចិត្តក្នុងដោះស្រាយដោយជោគជ័យ។ នៅទីនេះ យើងនឹងផ្តល់ឱ្យសិស្សនូវបរិយាកាសដ៏ល្អ ដើម្បីឱ្យសិស្សអភិវឌ្ឍខ្លួនជាបុគ្គលមានសមត្ថភាព និងក្លាយជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមានគំនិតសហគ្រិនភាព។»

     ទីតាំងអគារសិក្សាថ្មីនេះ ផ្តល់ជូននូវបរិក្ខារសិក្សាទំនើប រួមបញ្ចូលការរស់នៅជាសហគម មានមជ្ឈមណ្ឌលសម្រាប់ការច្នៃប្រឌិត បរិក្ខារកីឡានិងកម្សាន្ត សាលអាហារដែលមានផាសុកភាព និងទីធ្លាបៃតងសម្រាប់សកម្មភាពនានាដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជំរុញការសហការជាក្រុម។

      ការអប់រំនៅទីនេះ មិនផ្តោតលើការទន្ទេញមេរៀនឡើយ។ សិស្សានុសិស្ស គ្រប់គ្រងគម្រោងដោះស្រាយបញ្ហាក្នុងសង្គម​ជាក់ស្តែង និងកសាងទំនុកចិត្តក្នុងការដឹកនាំដោយសុចរិតភាព។ ការសិក្សានៅទីនេះនឹងផ្តោតលើភាពជាអ្នកដឹកនាំដោយផ្តល់បទពិសោធន៍អប់រំនិងការសិក្សាតាមគម្រោង (Project-based learning) តាមរយៈ E-STEAM (សហគ្រិនភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា) ក៏ដូចជាការលើកកម្ពស់ក្នុងការគិតវិភាគ ការដោះស្រាយបញ្ហា និងទំនាក់ទំនង។

     កម្មវិធីស្នាក់នៅក្នុងសាលា គឺជាធាតុផ្សំសំខាន់មួយនៃវិធីសាស្ត្រអប់រំរបស់សាលាដែលស្វាគមន៍សិស្សមកពីបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា។ ការប្រមូលផ្តុំអ្នកដឹកនាំវ័យក្មេងពីតំបន់ផ្សេងៗ បង្កើតឱកាសលើកកម្ពស់ការទទួលខុសត្រូវ និងជំនាញសង្គមសំខាន់ៗក្នុងបរិយាកាសរស់រវើក និងពោរពេញដោយវប្បធម៌ចម្រុះ។ តាម​​រយៈកម្មវិធីស្នាក់នៅក្នុងសាលាដែលមានការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្ន រួមជាមួយនឹងការរៀបចំកាលវិភាគប្រចាំថ្ងៃយ៉ាងមានវិន័យ ការគ្រប់គ្រងពេលវេលា ដើម្បីរីកចម្រើនទាំងផ្នែកវិទ្យាសាស្ត្រ សង្គម និងកិច្ចការផ្ទាល់ ខ្លួន។

      រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្មវិធិសិក្សារបស់ឡៃហ្គឺ បានបង្ហាញថា វិធីសាស្រ្តអប់រំរបស់សាលាផ្តល់នូវលទ្ធផលជាក់ស្តែង។ ក្នុងចំណោមសិស្សបញ្ចប់ការសិក្សាចំនួន១០៣នាក់ មាន៦៨នាក់ បានបន្តការសិក្សានៅសាកលវិទ្យាល័យល្បីៗជាច្រើននៅក្នុងពិភពលោកដោយទទួលបានអាហារូបករណ៍ពេញលេញ ឬពាក់កណ្តាលឯណោះ។ អតីតសិស្សឡៃហ្គឺ ក៏បានបង្ហាញសមត្ថភាពលេចធ្លោក្នុងភាពជាអ្នកដឹកនាំសហគ្រិន និងការចូលរួមសហគមន៍ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សាលា ក្នុងការបណ្តុះសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងមានគំនិតសហគ្រិនភាព។

      ឪពុកម្តាយសិស្សជាច្រើន បានសង្កេតឃើញការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ចំពោះកូនៗរបស់ពួកគាត់ ជាពិសេសទៅលើទំនុកចិត្តខ្លួនឯង ឯករាជ្យភាព វិន័យ និងកំណត់គោលដៅអនាគតច្បាស់លាស់ បន្ទាប់ពីពួកគេបានមករៀននៅសាលា អេយូភីភី ឡៃហ្គឺ។ លទ្ធផលទាំងនេះបានកសាងកិត្តិនាមឱ្យសាលាដែលមានភាពខុសប្លែកពីគេ និងមានទស្សនៈវិស័យឈានមុខជានិច្ច។

    ជាមួយនឹងការបើកសម្ភោធអគារសិក្សាថ្មីនេះ សាលា AUPP Liger Leadership Academy បានឈានជើងចូលទៅកាន់ដំណាក់កាលថ្មីនៃការរីកចម្រើនរបស់ខ្លួន ស្វាគមន៍សិស្សបន្ថែមពីទូទាំងប្រទេសកម្ពុជា និងបន្តបេសកកម្មក្នុងការបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌។ នៅពេលខាងមុខ សាលាក៏នឹងពង្រីក និងពង្រឹងទិសដៅអប់រំដោយបញ្ចូលកម្មវិធីកម្រិតថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សា ដើម្បីផ្តល់ឱកាសឱ្យ សិស្សានុសិស្សចាប់ពីអាយុតូចៗឡើងទៅ៕














 

 

 

 

 

Powered by Blogger.