លោក ពូទីន និងលោក ត្រាំ បើកកិច្ចពិភាក្សាពីសង្រ្គាមអ៊ីរ៉ង់ និងអ៊ុយក្រែន
មូស្គូ៖ វិមានក្រឹមឡាំងបានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាអំពី សង្រ្គាមអ៊ីរ៉ង់ និងសង្រ្គាមអ៊ុយក្រែនអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់។
ទីប្រឹក្សាការទូតរបស់លោក ពូទីន លោក Yuri
Ushakov ត្រូវបានស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ីដោយនិយាយថាលោក
ពូទីន និងលោក ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទ រយៈពេលមួយម៉ោង
ដែលជាកិច្ចសន្ទនាលើកដំបូងបំផុតរបស់មេដឹកនាំទាំង២ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៥មក។
លោក Ushakov បានបន្ថែមទៀតថាក្នុងកិច្ចសន្ទនានោះ លោក ពូទីន
បានអំពាវនាវឱ្យមានដំណោះស្រាយនយោបាយ
និងការទូតជាបន្ទាន់ដើម្បីបិទបញ្ចប់សង្រ្គាមរបស់សហរដ្ឋអាមេរិក
និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តមួយរបស់រុស្ស៉ី។
តាមលោក Ushakov ពាក់ព័ន្ធនឹងសង្រ្គាមអ៊ុយក្រែនវិញ
លោក ពូទីនបានវាយតម្លៃប្រកបដោយភាពវិជ្ជមានលើកិច្ចប្រឹងប្រែងសម្របសម្រួលរបស់លោក
ត្រាំ ដើម្បីស្វែងរកដំណោះស្រាយ បិទបញ្ចប់សង្រ្គាម។
ទីប្រឹក្សារូបនេះបានបន្តថាទីក្រុងវ៉ាស៊ីនតោនចង់បើកកិច្ចពិភាក្សាជាបន្តបន្ទាប់អំពីបញ្ហាសំខាន់ៗដែលមានជាប់ពាក់ព័ន្ធនឹងស្ថានការណ៍អន្តរជាតិបច្ចុប្បន្ន។
«កិច្ចសន្ទនាមាន ភាពប្រាកដប្រជា និងប្រកបដោយលក្ខណៈស្ថាបនា»។ នេះបើតាមលោក Yuri Ushakov។
លោក ត្រាំ និងលោក ពូទីន
បានបើកកិច្ចប្រជុំកំពូលលើកចុងក្រោយបំផុតក្នុងរដ្ឋ Alaska កាលពីខែសីហា ឆ្នាំមុន៕ (Reuters)

Post a Comment