ប្អូនស្រី លោក គីម ជុងអ៊ុន ថា សមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូងថានឹងបំផ្លាញស្ថិរភាពក្នុងតំបន់
សេអ៊ូល៖ លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលបានចាប់ផ្ដើម ធ្វើឡើងនៅក្នុងសប្ដាហ៍នេះ គឺជាទង្វើបង្ករឿង និងជាការហាត់សមត្រៀមលក្ខណៈធ្វើសង្រ្គាមឈ្លានពានដែលនឹងបំផ្លាញដល់ស្ថិរភាពក្នុងតំបន់ទាំងមូល។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង
KCNA
នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ លោកស្រី គីម យ៉ូជុង
បានគូសបញ្ជាក់ថាសមយុទ្ធប្រចាំឆ្នាំ Freedom Shield បានបង្ហាញពីគោលនយោបាយអរិភាពរបស់សម្ព័ន្ធមិត្តអាមេរិក
និងកូរ៉េខាងត្បូងចំពោះកូរ៉េខាងជើង ហើយនឹងមានតែបំផ្លាញស្ថិរភាពក្នុងតំបន់តែប៉ុណ្ណោះ។
សហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំមួយជាមួយកូរ៉េខាងត្បូង
ដោយមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់កាលពីថ្ងៃចន្ទម្សិលមិញ ខណៈកំពុងធ្វើសង្រ្គាម
ជាមួយអ៉ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកងទ័ពកូរ៉េខាងត្បូង ១៨ ០០០នាក់នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាមេរិកមានឈ្មោះថា
Freedom
Shield ដែលនឹងត្រូវប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៩ ខែមីនា។
កងទ័ពអាមរិកប្រចាំកូរ៉េខាងត្បូងមិនបានបញ្ជាក់ថាតើមានកងទ័ពអាមេរិកប៉ុន្មាននាក់នឹងត្រូវចូលរួម
នោះទេ។
សមយុទ្ធយោធាខាងលើកើតមានឡើងតែជាងមួយខែប៉ុណ្ណោះ
បន្ទាប់ពីលោក គីម
ជុងអ៊ុនបាននិយាយនៅឯមហាសន្និបាតគណបក្សពលកររបស់កូរ៉េខាងជើងថាលោកនឹងផ្តោតជាសំខាន់
លើការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ៕ (Reuters)

Post a Comment