ហ្សេលេនស្គី ថា ប្រទេសចំនួន១១ ស្នើឱ្យអ៊ុយក្រែនជួយទប់ទល់នឹងដ្រូនរបស់អ៊ីរ៉ង់
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ បាននិយាយ ថា ប្រទេសចំនួន១១ បានស្នើឱ្យទីក្រុងកៀវជួយពីរបៀបទប់ទល់នឹងដ្រូន ដែលអ៊ីរ៉ង់កំពុងប្រើប្រាស់ នៅក្នុងការវាយប្រហារសងសឹកទៅនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
បើតាមលោក ហ្សេលេនស្គី គិតមកទល់នឹងពេលនេះ
មានសំណើចំនួន១១ ពីប្រទេសក្បែរខាងអ៊ីរ៉ង់ អឺរ៉ុប និងសហរដ្ឋអាមេរិក។
លោកបន្ថែមថានេះបានបង្ហាញយ៉ាងច្បាស់ពីការចាប់អារម្មណ៍លើបទពិសោធន៍របស់អ៊ុយក្រែនក្នុងការការពារអាយជីវិតមនុស្ស
ពាក់ព័ន្ធនឹងអាវុធស្ទាក់ចាប់ ប្រព័ន្ធសង្រ្គាមអេឡិចត្រូនិក និងការបណ្ដុះបណ្ដាល។
តែលោក ហ្សេលេនស្គីមិនបានបញ្ជាក់លម្អិតថាប្រទេសណាខ្លះនោះទេ។
អ៊ុយក្រែន
ក្នុងពេល៤ឆ្នាំមកនេះនៃសង្រ្គាមជាមួយរុស្ស៉ី បានរៀនសូត្រ
និងបានបង្កើតជំនាញដ៏អស្ចារ្យក្នុងការបាញ់ស្ទាក់បំផ្លាញដ្រូន Shahed
ផលិតដោយអ៊ីរ៉ង់ដែលត្រូវបានរុស្ស៉ីប្រើប្រាស់ក្នុង
ការវាយប្រហារលើបណ្ដាទីក្រុងអ៊ុយក្រែន។ ឥលូវ អ៊ីរ៉ង់កំពុងប្រើដ្រូននេះវាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា។
សូមជម្រាបថា កាលពីចុងសប្ដាហ៍កន្លងទៅ លោក
ហ្សេលេនស្គីបានឱ្យដឹងថាក្រុមអ្នកជំនាញដ្រូនអ៊ុយក្រែនបានចេញដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា
ហើយអាចនឹងទៅដល់ក្នុងសប្ដាហ៍នេះ។ បើតាមទិន្នន័យពីកងទ័ពអាកាសអ៊ុយក្រែន
យោធាអ៊ុយក្រែនបានស្ទាក់បាញ់បំផ្លាញបានជាង ៨០ភាគរយនៃដ្រូនរាប់រយគ្រឿងដែលរុស្ស៉ីប្រើក្នុងការវាយប្រហារលើបណ្ដាក្រុងអ៊ុយក្រែន
ជាពិសេសគឺទីក្រុងកៀវ ជារៀងរាល់យប់៕

Post a Comment