សង្គមស៊ីវិលកម្ពុជានិងចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ កម្ពុជា–ចិន ត្រូវបានរៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធរវាងសមាគមមិត្តភាពកម្ពុជា–ចិន និង មូលនិធិចិន Peaceland ដោយមានគោល បំណងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន ព្រមទាំងជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ វប្បធម៌ និងសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើន និងមានចីរភាព។

តំណាងឱ្យសង្គមស៊ីវិលរបស់ចិនចំនួន៨ស្ថាប័នដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ លោកស្រី Xu Kexin អគ្គលេខាធិការរងមូលនិធិចិនPeacelandបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យ នេះ ទទួលបានការគាំទ្រយ៉ាងទូលំទូលាយ និងសកម្មពីស្ថាប័នរដ្ឋសំខាន់ៗរបស់កម្ពុជា រួមមាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា–ចិន និងសមាគមអតីតនិស្សិតកម្ពុជាសិក្សាពីប្រទេសចិន ព្រមទាំងការគាំទ្រពីស្ថានអគ្គកុងស៊ុលចិនប្រចាំខេត្ត សៀមរាប និងមូលនិធិចិនជាច្រើន រួមមាន៖ ១-មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ២-មូលនិធិចិនមិត្តភាព បរទេសដើម្បីសន្តិភាពនិងការអភិវឌ្ឍ និង ៣-មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ។ លោកស្រីបន្ថែមថា ការចូលរួម គាំទ្រពីស្ថាប័ននិងអង្គពាក់ព័ន្ធទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើតព្រឹត្តិការណ៍ដែល មានគុណភាពខ្ពស់ មានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយរូបភាពវិស័យទេសចរណ៍កម្ពុជា ទៅកាន់ អន្តរជាតិ។

លោកស្រី Wang Yahui ប្រធានមូលនិធិចិនដើម្បីសន្តិភាពប្រចាំកម្ពុជាបានថ្លែងសុន្ទរកថាដ៏មានន័យសំខាន់ បញ្ជាក់ពីសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍ជិះកង់ទេសចរណ៍នេះ គឺជាគំរូមួយនៃកិច្ចសហប្រតិបត្តិការដែលផ្អែកលើមូលដ្ឋានមិត្តភាព សន្តិភាព និងការយល់ចិត្តគ្នា ហើយជាផ្នែកមួយក្នុងការជំរុញការផ្លាស់ប្តូរប្រជាជននឹងប្រជាជនឱ្យកាន់តែរីកចម្រើន។

លោក លី​ សារី អភិបាលរងខេត្តសៀមរាបបានរំលេចថា ព្រឹត្តិការណ៍នេះជួយជំរុញការចូលរួមសកម្មភាពកីឡា និងសុខភាព សាធារណៈ ដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រកបដោយគុណភាព និងរួមគ្នាថែរក្សាបរិស្ថាន និងផ្តល់គុណតម្លៃដល់វិស័យទេសចរណ៍ធម្មជាតិនិងវប្បធម៌។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរាបានកត់សម្គាល់ថា អ្វីដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែមានភាពពិសេស និងទាក់ទាញ គឺការរៀបចំសកម្មភាពជិះកង់នៅក្នុងបរិវេណអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ និងមានតម្លៃអស្ចារ្យសម្រាប់មនុស្សជាតិទាំងមូល។ អ្នកចូលរួមបានធ្វើដំណើរជិះកង់តាមបណ្តោយផ្លូវស្រស់ស្អាត ដែលឆ្លងកាត់ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ ប្រាសាទបាយ័ន និងតំបន់បេតិកភណ្ឌសំខាន់ៗផ្សេងទៀត ដែលពោរពេញដោយប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈបុរាណដ៏អស្ចារ្យ។ ទេសភាពធម្មជាតិពណ៌បៃតង សួនឧទ្យាន និងអាកាសធាតុស្រស់បំព្រង បានផ្តល់នូវបទពិសោធន៍អស្ចារ្យ និងអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិ និងបេតិកភណ្ឌវប្បធម៌។

ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានជម្រាបថា ព្រឹត្តិការណ៍នេះក៏មានតួនាទីសំខាន់មិនត្រឹម លើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបេតិកភណ្ឌ និងការពារបរិស្ថានប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមនៅក្នុង យុទ្ធនាការដោយលើកទឹកចិត្តឱ្យភ្ញៀវជនជាតិចិនកាន់តែច្រើនមកទស្សនាកម្ពុជា និងរួមគ្នាផ្សព្វផ្សាយពីតំបន់ ទេសចរណ៍កម្ពុជាឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ជនជាតិចិនឆ្លើយតបនឹងឆ្នាំទេសចរណ៍កម្ពុជា-ចិនថែមទៀត។ 

ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះបានបង្កើតឱកាសដ៏ល្អ សម្រាប់អ្នកចូលរួមពីប្រទេសកម្ពុជានិងចិនក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកវប្បធម៌ និងបង្កើនការយល់ដឹង គ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះក៏ជាការជួបជុំគ្នាដែលបានរួមចំណែកក្នុងការកសាងសហគមន៍មិត្តភាពដ៏រឹងមាំ និងការសហការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យសង្គមស៊ីវិលរវាងកម្ពុជានិងចិន។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ ជិះកង់ទេសចរណ៍ កម្ពុជា–ចិន គឺជាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅ មិនត្រឹមតែជាការលើកកម្ពស់វិស័យ ទេសចរណ៍និងកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបង្ហាញពីការរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំង អគ្គកុងស៊ុលចិនប្រចាំកម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព មិត្តភាព និងការអភិវឌ្ឍប្រកបដោយចីរភាព រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរយូរអង្វែង៕










Powered by Blogger.