តើអ្វីទៅជា«កិច្ចការពារម៉ាក ពាណិជ្ជនាម» ? ការចុះបញ្ជី«កិច្ចការពារម៉ាក ពាណិជ្ជនាម» ទទួលបានអត្ថប្រយោជន៍ និងគុណសម្បត្តិអ្វីខ្លះ ?
Update :
ភ្នំពេញ៖ ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារ និងជៀសវាងមានការក្លែងបន្លំម៉ាកទំនិញ នឹងគុណភាពផលិតផល ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាសត្រូវកំណត់«និមិត្តសញ្ញា ឬម៉ាក» ឬ«អត្តសញ្ញាណ ឬឈ្មោះ» មុខទំនិញ ឬផលិតផលរបស់ខ្លួន និងត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដើម្បីទទួលបានសិទ្ធិការពារស្របច្បាប់ ដែលហៅថា «កម្មសិទ្ធិបញ្ញា»។
- «ម៉ាក» គឺជាសញ្ញាដែលមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវានៃសហគ្រាសនីមួយៗ។ «ម៉ាក»ដែលប្រើសម្រាប់ទំនិញហៅថា «ពាណិជ្ជសញ្ញា» ហើយ«ម៉ាក»ដែលប្រើប្រាស់សម្រាប់សេវាហៅថា «សេវាសញ្ញា»។
- «ពាណិជ្ជនាម» គឺជាឈ្មោះ ឬសញ្ញាសម្គាល់ ឬជាឈ្មោះ និងសញ្ញាសម្គាល់ សម្រាប់បញ្ជាក់ និងសម្គាល់លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ។ (មាត្រា២ ច្បាប់ស្តីពី «ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់»។
✍️ «ម៉ាក»ដែលមិនអាចចុះបញ្ជីបានមានដូចខាងក្រោម៖
- ម៉ាកដែលមិនអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា របស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត ។
- ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ ។
- ម៉ាកដែលអាចនាំឱ្យសាធារណជន ឬមជ្ឈដ្ឋាន ពាណិជ្ជកម្មភ័ន្តច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញ ឬសេវាពាក់ព័ន្ធ ឬធាតុដើម ឬលក្ខណៈខាងក្រៅរបស់ទំនិញ ឬសេវានោះ ។
- ម៉ាកដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូច សញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះ ឬឈ្មោះសង្ខេប ឬអក្សរកាត់នៃឈ្មោះ ឬសញ្ញា ឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយលើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះ ឬអង្គការនោះ ។
- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ សំរាប់ទំនិញ
ឬសេវាដូចគ្នា ឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត ។
- ម៉ាកដែលដូចគ្នា ឬប្រហាក់ប្រហែល ដែលនាំឱ្យច្រឡំគ្នានឹងម៉ាក ឬពាណិជ្ជនាមមួយដែលល្បី ឬបង្កើតពីការបកប្រែនៃម៉ាក ឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះ
រាជាណាចក្រកម្ពុជា សម្រាប់ទំនិញ ឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះធ្វើឱ្យខូចប្រយោជន៍របស់ម្ចាស់នៃម៉ាកល្បី ។
- ម៉ាកដែលដូចគ្នា ឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាក ដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញ ឬសេវាដូចគ្នា ឬទំនិញ ឬសេវា ដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធ។
បើតាមច្បាប់ស្តីពី«ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់» គឺមានគោលបំណងការពារ«ម៉ាក ពាណិជ្ជនាម»ដែលបានចុះបញ្ជីក្នុងបញ្ជីម៉ាក នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់ លើការបង្កើត ការប្រើប្រាស់ម៉ាក និងពាណិជ្ជនាម។
ការចុះបញ្ជីផលិតផល ដើម្បីបញ្ជាក់គុណភាព និងសុវត្ថិភាព សម្រាប់ផលិតផល របស់ក្រុមហ៊ុនមួយ ឬសហគ្រាសមួយដែលទទួលស្គាល់ដោយ ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសុខាភិបាល វិទ្យាស្ថានស្តង់ដារកម្ពុជា និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធទាំងអស់។
✍️ ការចុះបញ្ជីផលិតផល ម្ចាស់អាជីវកម្ម នឹងទទួលបាននូវអត្ថប្រយោជន៍ និងគុណសម្បត្តិដូចខាងក្រោម÷
- ធានាបាននូវភាពស្របច្បាប់ និងការទទួលស្គាល់ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ
- លើកកម្ពស់កេរ្តិ៍ឈ្មោះផលិតផល ឲ្យកាន់តែលេចធ្លោក្នុងទីផ្សារ
- ទទួលបានទំនុកចិត្ត ពីអតិថិជនគ្រប់ជាន់ថ្នាក់
- អាចពង្រីកទីផ្សារ ដាក់លក់ទាំងទីផ្សារកម្ពុជា និងទីផ្សារពិភពលោក
- អាចពង្រីកអាជីវកម្មឱ្យកាន់តែធំ និងឆាប់រហ័សស្របតាមនិន្នាការសេដ្ឋកិច្ចបច្ចុប្បន្ន
- បង្ហាញនូវអត្តសញ្ញាណ«ផលិតផលខ្មែរ»ទៅកាន់ទីផ្សារពិភពលោក
យោងចរាចរណែនាំលេខ ០៧ សរណន ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពី ការទទួលស្គាល់សិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់«ម៉ាក» គឺមានគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តកាតព្វកិច្ចពាក់ព័ន្ធនឹងការការពារ«កម្មសិទ្ធិបញ្ញា» ការប្រកួតប្រជែងដោយសេរី ការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងសំដៅការទប់ស្កាត់អំពើគេចពន្ធ ការលក់តម្លើងថ្លៃដែលផ្ទុយនិងគោលការណ៍ទីផ្សារសេរី និងការនាំចូល និងលក់ទំនិញក្លែងក្លាយ ព្រមទាំងដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍវិស័យកសិកម្ម និងវិនិយោគទន់នៅកម្ពុជា៕

Post a Comment