ហេតុអ្វី​បានជា​សេដ្ឋកិច្ចរបស់​ចិនអាច​រក្សា​ស្ថិរភាពក្នុង​បរិបទនៃវិបត្តិថាមពលសកល​

បរទេស៖ ជម្លោះប្រដាប់អាវុធដែលកើតឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បាន និងកំពុងបង្កជាព្យុះសេដ្ឋកិច្ចដ៏ស្រួចស្រាល ដែលរីករាលដាលលើសពីព្រំដែនតំបន់ទៅជាវិបត្តិសេដ្ឋកិច្ចសកល។ ការរំខាននៃខ្សែច្រវាក់ផ្គត់ផ្គង់តាមច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមយុទ្ធសាស្ត្រដឹកជញ្ជូនប្រេងប្រមាណ ២០% នៃតម្រូវការពិភពលោក បានក្លាយជាកត្តាជំរុញឱ្យតម្លៃថាមពលហក់ឡើងយ៉ាងគំហុក និងបង្កើនសម្ពាធអតិផរណាយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល។

ផលវិបាកនៃការឡើងថ្លៃថាមពលនេះ មិនត្រឹមតែបង្កសម្ពាធផ្ទាល់លើថ្លៃដើមផលិតកម្មក្នុងវិស័យឧស្សាហកម្ម និងកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនបន្ទុកអតិផរណាដែលប៉ះពាល់ដល់អំណាចទិញរបស់អ្នកប្រើប្រាស់នៅទូទាំងពិភពលោកផងដែរ។ ប្រទេសដែលពឹងផ្អែកលើការនាំចូលប្រេង កំពុងប្រឈមនឹងវិបត្តិផ្ទួនគ្នា គឺការឡើងថ្លៃនៃទំនិញផង និងសម្ពាធនៃតម្លៃរូបិយប័ណ្ណដុល្លារអាម៉េរិកដែលបន្តរឹងមាំក្នុងបរិបទនៃអត្រាការប្រាក់ខ្ពស់ផង។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ និងជាប្រទេសនាំចូលប្រេងធំបំផុតលើពិភពលោក ហាក់មានភាពធន់ច្រើនជាងប្រទេសដទៃ និងអាចដើរតួនាទីជាកម្លាំងស្ថិរភាពនៃសេដ្ឋកិច្ចសកលក្នុងកាលៈទេសៈដ៏លំបាកនេះ។ 

ដើម្បីទប់ទល់នឹងសម្ពាធពីខាងក្រៅ ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រចម្រុះ រួមមានការបង្កើនទុនបម្រុងប្រេងយុទ្ធសាស្ត្រ ការធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់ថាមពល និងការជំរុញថាមពលស្អាត។ តាមការប៉ាន់ស្មាន ប្រទេសចិនមានស្តុកប្រេងយុទ្ធសាស្ត្រសរុបប្រហែល ១,២ ប៊ីលានបារ៉ែល ពោលគឺប្រហែលជាអាចគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការក្នុងរយៈពេល ៣ ឬ ៤ខែ។

ផ្អែកលើចក្ខុវិស័យនៃការសម្រេចឱ្យបាននូវការបំភាយកាបូនឱ្យបានខ្ពស់បំផុតនៅមុនឆ្នាំ២០៣០ និងក្លាយទៅជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៦០ ប្រទេសចិនបានខិតខំជំរុញបរិវត្តកម្មថាមពលពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទៅជាថាមពលស្អាត រហូតអាចកសាងប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតលើពិភពលោក ព្រមទាំងក្លាយជាប្រទេសឈានមុខក្នុងការដំឡើងថាមពលពន្លឺព្រះអាទិត្យ/ខ្យល់ និងការផលិតយានយន្តអគ្គិសនីធំបំផុតរបស់ពិភពលោក។  

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានព្យាយាមឥតឈប់ឈរក្នុងការអភិវឌ្ឍគម្រូសេដ្ឋកិច្ចដែលអាចធន់នឹងសម្ពាធពីខាងក្រៅ តាមរយៈការជំរុញយ៉ាងសកម្មនូវការពង្រីកតម្រូវការក្នុងស្រុក ការកសាងទីផ្សារដែលមានភាពធន់ និងការលើកកម្ពស់នវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចប្រឹងប្រែងទាំងនេះ មិនត្រឹមតែអាចអនុញ្ញាតឱ្យចិនអាចធ្វើដំណើរឆ្ពោះទៅរកការសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទេ តែក៏បានរួមចំណែកដល់ការជំរុញស្ថិរភាពសេដ្ឋកិច្ចសកលផងដែរ។

ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក ប្រទេសចិនបានរួមចំណែកប្រមាណ ៣០% ដល់កំណើនសេដ្ឋកិច្ចសកល, ជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ជាមួយប្រទេស និងតំបន់ជាង ១៥០, កាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបានតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី២ រយៈពេល១៦ឆ្នាំជាប់គ្នា ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃភាពមិនប្រាកដប្រជា និងគោលនយោបាយគាំពារនិយម។ 

សរុបមកវិញ ទោះបីជាស្ថានភាពភូមិសាស្ត្រនយោបាយមានភាពមិនប្រាកដប្រជាក៏ដោយ ឆន្ទៈរបស់ចិនក្នុងការដើរតួនាទីជាកម្លាំងស្ថិរភាព គឺជាក្ដីសង្ឃឹមសម្រាប់សេដ្ឋកិច្ចសកល។ យ៉ាងណាមិញ ស្ថិរភាពយូរអង្វែងមិនអាចសម្រេចបានដោយប្រទេសតែមួយនោះទេ វាទាមទារឱ្យមានកិច្ចសហការ និងការទទួលខុសត្រូវរួមគ្នាពីគ្រប់មហាអំណាច ដើម្បីជម្នះវិបត្តិថាមពល និងសម្ពាធអតិផរណាដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន៕

ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា




Powered by Blogger.