ផែនការសន្តិភាពហ្គាហ្សារបស់លោក ត្រាំ ត្រូវផ្អាក ខណៈសង្គ្រាមនៅអ៊ីរ៉ង់ធ្វើឱ្យការចរចាលើការរំសាយអាវុធជាប់គាំង
វ៉ាស៊ីនតោន៖ ការចរចាដើម្បីជំរុញផែនការសន្តិភាពនៅតំបន់ហ្គាហ្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានផ្អាកកាលពីសប្តាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើប្រទេសអ៊ីរ៉ង់ ដែលបានបង្កឱ្យមានការរីករាលដាលនៃសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។
ការផ្អាកនេះ
កំពុងគំរាមកំហែងដល់ការអនុវត្តគម្រោងសន្តិភាពដ៏សំខាន់របស់លោក ត្រាំ
ដែលទើបតែទទួលបានការសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សាពីបណ្តាប្រទេសអារ៉ាប់កាលពីខែមុន។
ផែនការរបស់លោក ត្រាំ គឺផ្តោតសំខាន់លើការឱ្យក្រុមហាម៉ាសរំសាយអាវុធ
ដើម្បីជាថ្នូរនឹងការលើកលែងទោស និងត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញ
ក៏ដូចជាការដកកងទ័ពអ៊ីស្រាអែល។ ប៉ុន្តែរាល់កិច្ចចរចាសម្ងាត់រវាងអ៊ីស្រាអែល
និងហាម៉ាស ត្រូវបានផ្អាកទាំងស្រុង ចាប់តាំងពីសង្គ្រាមជាមួយអ៊ីរ៉ង់បានផ្ទុះឡើងកាលពីថ្ងៃទី២៨
ខែកុម្ភៈ។
អ្នកជំនាញពីវិទ្យាស្ថាន Carnegie
Endowment for International Peace បានលើកឡើងថា
ប្រទេសនានាដូចជាអេមីរ៉ាតអារ៉ាប់រួម និងកាតា ដែលបានសន្យាផ្តល់ថវិកាដល់ «គណៈកម្មាធិការសន្តិភាព» របស់លោក ត្រាំ
អាចនឹងចាប់ផ្តើមចោទសួរថា តើការចំណាយប្រាក់ទាំងនេះនៅតែមានប្រសិទ្ធភាពដែរឬទេ
ក្នុងគ្រាដែលប្រទេសពួកគេផ្ទាល់ កំពុងរងការវាយប្រហារដោយរ៉ុក្កែតពីអ៊ីរ៉ង់៕

Post a Comment