អ៊ីរ៉ង់បដិសេធកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ក្រោយ ត្រាំ ផ្អាកវាយប្រហារលើបណ្ដាញអគ្គិសនី
វ៉ាស៊ីនតោន៖ អ៊ីរ៉ង់កាលពីថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦ បានបដិសេធថាខ្លួនមិនបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាស ផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គីសនីរបស់អ៊ីរ៉ង់ ជាមួយការអះអាងពីកិច្ចចរចាប្រកបដោយផ្លែផ្កាឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។
មន្ត្រីអឺរ៉ុបម្នាក់បាននិយាយថា ខណៈមិនទាន់មានកិច្ចចរចាដោយផ្ទាល់រវាងសហរដ្ឋអាមេរិក
និងអ៊ីរ៉ង់ អេហ្ស៉ីប ប៉ាគីស្ថាន
និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្របានបញ្ជូនសាររៀងៗខ្លួនទៅកាន់ឱ្យអ៊ីរ៉ង់
ក្នុងគោលដៅសាកល្បងសម្របសម្រួលឱ្យមានកិច្ចចរចាបិទបញ្ចប់សង្រ្គាម។
មន្ត្រីប៉ាគីស្ថានម្នាក់បាននិយាយថា កិច្ចចរចាដោយផ្ទាល់ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវបានធ្វើឡើង
ក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ក្នុងពេលឆាប់ៗ ឬអាចក្នុងសប្ដាហ៍នេះតែម្ដង។
នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth
Social លោក ត្រាំ បានសរសេរថាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់មានកិច្ចសន្ទនាដ៏ល្អ
និងប្រកបដោយផ្លែផ្កាអំពីដំណោះស្រាយបិទបញ្ចប់អរិភាពទាំងស្រុង
នៅក្នុងតំបន់មជ្ឈិមបូព៌ា។
ដូច្នេះលោកបានសម្រេចចិត្តផ្អាកការវាយប្រហារកម្ទេចបណ្ដាញផ្គត់ផ្គង់អគ្គិសនីរបស់អ៊ីរ៉ង់រយៈពេល៥ថ្ងៃ
បន្ទាប់ពីលោកផ្ទាល់បានគំរាមថានឹងកម្ទេចបណ្ដាញអគ្គិសនីអ៊ីរ៉ង់ក្នុងពេល ៤៨ម៉ោង
ប្រសិនបើតេហេរ៉ង់មិនព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុងទេនោះ។
ការប្រកាសផ្អាកឱសានវាទរបស់លោក ត្រាំ បានធ្វើឱ្យទីផ្សារភាគហ៊ុនឡើងថ្លៃ
រីឯតម្លៃប្រេងធ្លាក់ចុះ មកនៅក្រោម ១០០ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃចន្ទ។
ក៏ប៉ុន្តែ លោក Qalibaf បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម X ដោយបដិសេធថាមិនមានកិច្ចចរចាជាមួយសហរដ្ឋអាមេរិកនោះទេ
ហើយថាការលើកឡើងរបស់លោក ត្រាំ គ្រាន់តែជានិយាយ បំភ្លៃការពិត
និងចុះក្រឡុកទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាឱ្យប្រេងធ្លាក់ថ្លៃតៃប៉ុណ្ណោះ៕ (Reuters)

Post a Comment