ចិនគ្រោងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសមជ្ឈិមបូព៌ា ដែលរងគ្រោះព្រោះតែសង្រ្គាម
ប៉េកាំង៖ នាថ្ងៃអង្គារ ទី១៧ ខែមីនា ចិនបាននិយាយថា ខ្លួននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមមានទាំងអ៊ីរ៉ង់និងលីបង់ ដែលបានរងគ្រោះ ក្នុងសង្រ្គាមបង្កឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល តាំងពីចុងខែមុន។
អំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងដូច្នេះថា «ប្រទេសចិនបានសម្រេចផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ដល់ប្រទេសអ៊ីរ៉ង់ លីបង់ អ៊ីរ៉ាក់
និងហ៊្សកដានី ក្រោមក្តីសង្ឃឹមថា វានឹងអាចជួយសម្រាលទុក្ខលំបាកផ្នែកមនុស្សធម៌ ដែលប្រជាជននៅក្នុងប្រទេសទាំងនោះ
កំពុងតែប្រឈមមុខ»។
សូមជម្រាបថា កាលពីសប្តាហ៍មុន កាកបាទក្រហមចិន
ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ ២០០០០០ដុល្លារផងដែរ ដល់អ៊ីរ៉ង់
ដើម្បីជួយគ្រួសាររបស់ជនរងគ្រោះ
ក្នុងករណីវាយប្រហារចំសាលារៀនស្លាប់មនុស្សជាច្រើននាក់ អំឡុងថ្ងៃដំបូងនៃយុទ្ធនាការយោធាអាមេរិក-អ៊ីស្រាអែល។
សង្រ្គាមដែលកំពុងឆាបឆេះរាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងកាលពីថ្ងៃទី២៨
ខែកុម្ភៈ នៅពេលអាមេរិករួមដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់
ជាហេតុនាំឱ្យអ៊ីរ៉ង់សងសឹកវិញ៕ (AFP)

Post a Comment