កសិករនៅស្រុកកែវសីមា កំពុងមមាញឹកក្នុងការប្រមូលផលស្វាយចន្ទី ក្រោយតម្លៃហក់ឡើង

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរឃុំស្រែខ្ទុម ស្រុកកែវសីមា បានជំរុញដល់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការដាំដុះ និងថែទាំដំណាំស្វាយចន្ទី ដ្បិតតម្លៃទីផ្សារ នាដើមឆ្នាំ២០២៦នេះ កំពុងមានសន្ទុះកើនឡើងខ្លាំង។

លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានមានប្រសាសន៍លើកទឹកចិត្តដល់កសិករថា ក្នុងនាមអាជ្ញាធរឃុំ ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនកសិករ ថ្វីត្បិតតែអាកាសធាតុឆ្នាំនេះមានការប្រែប្រួល ប៉ុន្តែតម្លៃទីផ្សារដែលកំពុងហក់ឡើងខ្ពស់នេះ គឺជាឱកាសមាសសម្រាប់បងប្អូន។ ដូច្នេះ សូមបងប្អូនបន្តយកចិត្តទុកដាក់លើបច្ចេកទេសថែទាំ ការដាក់ជី និងការកម្ចាត់សត្វល្អិតឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវគុណភាពគ្រាប់ស្វាយចន្ទីឱ្យកាន់តែល្អ ព្រោះគុណភាពខ្ពស់ នឹងធ្វើឱ្យតម្លៃកាន់តែប្រសើរ ដែលអាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែធូរធារ។ លោកមេឃុំ បញ្ជាក់ថា ក្នុងមូលដ្ឋានរបស់លោក ប្រជាកសិករ បានដាំដុះដំណាំជាច្រើនមុខ រួមមាន កៅស៊ូ ម្រេច ទុរេន ស្វាយកែវរមៀត ស្វាយចន្ទី ដំឡូងមី ស្រូវ ជាដើម ។

អ៊ុំស្រី មុំ អេន រស់នៅក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម បានឱ្យដឹងថា គ្រួសារគាត់បានដាំដុះដំណាំស្វាយចន្ទី លើផ្ទៃដីប្រមាណជាង ១ហិកតា ដែលមានអាយុកាលជាង ១០ ឆ្នាំមកហើយ កំពុងប្រមូលផលជារៀងរាល់ឆ្នាំ ។ អ៊ុស្រី បន្ថែមថា នៅរដូវប្រមូលផលនេះ ក្នុងមួយថ្ងៃ គាត់អាចរើសគ្រាប់បានប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាម ហើយអ្វីដែលសប្បាយចិត្តបំផុតនោះ គឺតម្លៃឆ្នាំនេះល្អជាងឆ្នាំមុនៗ ដោយប្រភេទគ្រាប់ធម្មតា អាចលក់បានចាប់ពីជាង ៥,០០០ រៀល ទៅ ៦,០០០ រៀល ក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យេគាត់មានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការថែទាំចំការ ។

លោក តុង ម៉េងឆាយ ដែលជាអាជីវករទិញគ្រាប់ស្វាយចន្ទី បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៦ បរិមាណផលហាក់មានការថយចុះបន្តិច បើធៀបនឹងឆ្នាំ២០២៥ ។ អាជីវកររូបនេះ បានលើកឡើងថា ក្នុងមួយថ្ងៃ គាត់អាចទទួលទិញពីកសិករបានត្រឹមតែចន្លោះពី៣០ ទៅ ៤០ តោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំកន្លងទៅ ក្នុងមួយថ្ងៃ គាត់អាចប្រមូលទិញបានរហូតដល់ជិត ១០០តោន។ អាជីវករទិញគ្រាប់ស្វាយចន្ទី បញ្ជាក់ថា ការធ្លាក់ចុះទិន្នផលនេះ គឺបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួល មិនអំណោយផល ដែលធ្វើឱ្យផ្កា និងក្ដិបស្វាយចន្ទីខ្លោច ឬជ្រុះច្រើន។ ទោះបីជាទិន្នផលមានការថយចុះ ប៉ុន្តែតម្លៃដែលអាជីវករទទួលទិញក្នុងសប្តាហ៍ទីមួយនៃខែមីនា ឆ្នាំ២០២៦នេះ គឺមានភាពល្អប្រសើរខ្លាំង ដោយគ្រាប់ស្វាយចន្ទីប្រភេទគ្រាប់តូច (គ្រាប់ធម្មតា) មានតម្លៃចាប់ពី ៥,៨០០ រៀល ចំណែក ឯគ្រាប់ពូជប្រភេទ M23 ដែលមានគុណភាពល្អ និងគ្រាប់ធំ អាចលក់បានរហូតដល់ ៧,២០០ រៀល ក្នុងមួយគីឡូក្រាម។

 លោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំណាំស្វាយចន្ទីរបស់កសិករមួយចំនួនក្នុងឆ្នាំនេះ ទិន្នផលអាចថយចុះមួយចំនួនដោយសារ(ការបម្រែបម្រួលអាកាសធាតុ) ដោយមានភ្លៀងធ្លាក់កក់ខែ និងខ្យល់ ដែលជាកត្តាធ្វើឱ្យមានផលប៉ះពាល់ដល់ផ្កា។ ប្រជាកសិករ អាចប្រើប្រាស់វិធីសាស្ត្រមួយចំនួនក្រោយពេលភ្លៀងរួចលើកដំណាំស្វាយចន្ទីដែលមិនទាន់ចេញផ្កា សូមទាក់ទងជាមួយមន្ត្រីកសិកម្មឃុំ និងមន្ត្រីជំនាញនៃមន្ទីរកសិកម្ម។ ចំពោះតម្លៃទីផ្សារ បច្ចុប្បន្នជា មធ្យមចាប់ពី ៦.៥០០៛ -៦.៧០០៛/គ.ក្រ អាស្រ័យនឹងគុណភាព ។ កាលឆ្នាំ២០២៥ដំណាំស្វាយចន្ទីខេត្តមណ្ឌលគិរី អនុវត្តបាន ២២ ៨៩៣ហិកតា បរិមាណផលសរុប ៣៣៨ ៧៨៧តោន ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញឱ្យឃើញពីការកើនឡើង នៃតម្លៃកសិផលនេះដែរ ខណៈដែលរាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងខ្លាំងក្លាលើ "គោលនយោបាយជាតិស្ដីពីស្វាយចន្ទី ២០២២- ២០២៧" ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាអធិរាជស្វាយចន្ទី នាពេលអនាគតដ៏ខ្លីខាងមុខនេះ៕













Powered by Blogger.