សហរដ្ឋអាមេរិក ជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលអ៊ីរ៉ង់
វ៉ាស៊ីនតោន៖ សារព័ត៌មានអាមេរិក Axios កាលពីថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាសហរដ្ឋអាមេរិកបានស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់។
ដោយផ្អែកលើប្រភពពីមន្ត្រីអ៉ីស្រាអែលម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
Axios
បានឱ្យដឹងទៀតថាទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនសារខាងលើក្នុងកម្រិតមន្ត្រីនយោបាយជាន់ខ្ពស់
និងទៅកាន់អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល IDF លោក Eyal
Zamir។
បើតាមសេចក្ដីរាយការណ៍ដដែល រដ្ឋបាលលោកប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ បានលើកឡើង ពីហេតុផលចំនួន៣ ក្នុងការស្នើឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីតាំងថាមពលអ៊ីរ៉ង់
ក្នុងនោះរួមមានគោលដៅមួយដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវិស័យថាមពលអ៊ីរ៉ង់
បន្ទាប់ពីសង្រ្គាមបិទបញ្ចប់។
ចំណែក ហេតុផលផ្សេងទៀតគឺការបារម្ភថាការវាយប្រហារបែបនេះនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនអ៊ីរ៉ង់
និងបង្ខំឱ្យអ៊ីរ៉ង់បើកការវាយប្រហារទ្រង់ទ្រាយធំសងសឹកលើ
ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់បណ្ដាប្រទេសអារ៉ាប់។ យ៉ាងណាក៏ដោយ ខាងសេតវិមាន
ក្រសួការបរទេសអាមេរិក និងស្ថានទូតអ៊ីស្រាអែលប្រចាំទីក្រុងវ៉ាស៊ីនតោនភ្លាមៗមិនបាន
ឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយនោះទេ៕ (Reuters)

Post a Comment