កូរ៉េខាងជើង ចោទអាមេរិក និងអ៊ីស្រាអែលបំផ្លាញសន្តិភាពមជ្ឈិមបូព៌ា និងគោរពការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់
វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាកូរ៉េខាងជើងគោរពការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ខណៈចោទប្រកាន់ថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា។
ទីក្រុងព្យុងយ៉ាងកន្លងមក
បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់
ថាជាទង្វើឈ្លានពានខុសច្បាប់។ ដោយផ្គើនទៅនឹងបំណងរបស់ លោកប្រធានាធិបតីអាមេរិក ដូណាល់
ត្រាំ ដែលចង់ឱ្យសហរដ្ឋអាមេរិកមានតួនាទីជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុនបានតែងតាំងលោក
Mojtaba
Khamenei ឱ្យឡើងកាន់តំណែងជំនួសលោក Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី២៨
ខែកុម្ភៈ។ លោក Mojtaba Khamenei គឺជាកូនប្រុសរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់
លោក Ali Khamenei។
ជុំវិញការតែងតាំងមេដឹកនាំអ៊ីរ៉ង់ផងដែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាកូរ៉េខាងជើងគោរពតាមការសម្រេចចិត្តរបស់អ៊ីរ៉ង់។ «យើងគោរពសិទ្ធិ និងជម្រើសរបស់ប្រជាជនអ៊ីរ៉ង់ក្នុងការជ្រើសតាំងមេដឹកនាំកំពូលរបស់ពួកគេ»។ នេះជាការគូសបញ្ជាក់របស់ KCNA ដោយថែមទាំងបន្ថែមទៀតផងថាសហរដ្ឋអាមេរិក
និងអ៊ីស្រាអែលកំពុងបំផ្លាញសន្តិភាពក្នុងតំបន់ ព្រមទាំងសន្តិសុខជាមូលដ្ឋាន
និងបង្កើនអស្ថិរភាពពិភពលោក។
KCNA តាមរយៈការស្រង់សម្ដីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ
ក៏បានចោទប្រកាន់ផងដែរថាទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែលបានបំពានប្រព័ន្ធនយោបាយ
និងបូរណភាពទឹកដីរបស់អ៊ីរ៉ង់ ជាមួយការព្យាយាមផ្ដួលរលំប្រព័ន្ធសង្គមរបស់អ៊ីរ៉ង់
ហើយថាសកម្មភាពបែបនេះសមនឹងទទួលបាន ការរិះគន់
និងច្រានចោលដោយសារតែជាទង្វើមិនអាចទទួលយកបាន៕ (Reuters)

Post a Comment