អភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីពលរដ្ឋ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជំរុញឱ្យថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល នៅខេត្តរតនគិរី ត្រូវកែលម្អចំណុចខ្វះខាតមួយចំនួន ដើម្បីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ។
ការជំរុញនេះធ្វើឡើង ក្នុងឱកាសដែលឯកឧត្តម
អញ្ជើញជាអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា
បូកសរុបលទ្ធផលការងារសុខាភិបាលប្រចាំ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ
២០២៦ ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត (អគារទីតាំងថ្មី)
រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម ញ៉ែម សំអឿន បញ្ជាក់ថា ចំណុចដែលត្រូវកែលម្អរ
រួមមាន៖ ១.បន្តពង្រឹង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យខេត្ត ស្រុក
និងមណ្ឌលសុខភាព បុស្តិ៍សុខភាព។ ២.បន្តលើកកម្ពស់
និងបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់មន្ត្រី។ ៣.ពង្រឹងសាមគ្គីភាព
វិន័យក្នុងពេលបំពេញការងារ និងការផ្តល់សេវា ២៤ម៉ោង/២៤ម៉ោង និង ៧ថ្ងៃ/សប្តាហ៍។ ៤.ពង្រឹងការលើកកម្ពស់គុណភាព
សុវត្ថិភាពនៃសេវា ដើម្បីបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋ។ ៥.ពង្រឹងលើការធ្វើបដិសណ្ឋារកិច្ច
ក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ។ ៦.ពង្រឹងប្រព័ន្ធព័ត៌មាន តាមដាន និងវាយតម្លៃ
ក្នុងយន្តការសុខភាពឌីជីថលលូបនីយកម្ម និងការវាយ តម្លៃឱ្យបានជាប្រចាំក្នុងមណ្ឌលសុខភាព
និងមន្ទីរពេទ្យបង្អែក។ ៧.បន្តរួមគ្នាដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្រើន
និងប្រសិទ្ធភាព ជាពិសេសប្រជា ពលរដ្ឋដែលមានការលំបាក និងខ្វះធនធាន។ ៨.បន្តធ្វើការសហការឱ្យបានខ្ពស់ជាមួយអជ្ញាធរ
និងដៃគូ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ពិសេស ការពង្រីកសេវានៅតាមសហគមន៍ និង៩.ពង្រឹងក្រមសីលធម៌
និងវិជ្ជាជីវៈ (គុណធម៌គ្រូពេទ្យ) "សម្ដីផ្អែម
រួសរាយ រាក់ទាក់ គឺជាថ្នាំព្យាបាលដំបូងសម្រាប់អ្នកជំងឺ”
ហើយត្រូវចាត់ទុកអ្នកជំងឺដូចជាសាច់ញាតិខ្លួនឯង។
ក្នុងឱកាសនេះ ឯកឧត្តម
អភិបាលខេត្តក៏បានសម្តែងនូវការកោតសរសើរ និងអរគុណដោយចំពោះ
លោកប្រធានមន្ទីរសុខាភិបាលខេត្ត និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់
ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្តប្រកបដោយស្មារតីរទទួលខុសត្រូវខ្ពស់
ក្រមសីលធម៌ គុណភាព ប្រសិទ្ធភាព និងមានសុវត្ថិភាព
ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល ដែលមកដល់ពេលនេះ
យើងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាលកាន់តែច្រើនឡើង
និង សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីសុខាភិបាលដែលជាកងទ័ពអាវ ស
មានទឹកចិត្តមុះមុតអង់អាចក្លាហាន តស៊ូ
ក្នុងការទៅចូលរួមអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ដើម្បីពិនិត្យ ព្យាបាល និងថែ
ទាំសុខភាពជូនវីរកងទ័ព នគរបាល និងប្រជាជនភៀសសឹក
ក្នុងអំឡុងពេលរងផលប៉ះ ពាល់ការឈ្លានពានពីប្រទេសថៃផងដែរ។
សូមបញ្ជាក់ថា បើតាមការលើកឡើង ពីសំណាក់ លោក ជា
សានិត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី÷ សមិទ្ធិសំខាន់ៗ
ដែលសម្រេចបានក្នុងឆ្នាំ២០២៥ លើការផ្តល់សេវា បានបន្តស្ថិតនៅលើមាគារវឌ្ឍនភាព
តាមរយៈកំណើននៃការប្រើប្រាស់សេវាថែទាំសុខភាពរបស់ប្រជាជនក្នុងនោះ
ករណីពិនិត្យជម្ងឺក្រៅមានចំនួនសរុប 179,654នាក់ និង
សំរាកព្យាបាលមានចំនួនសរុប 21,808នាក់ ក្នុងនោះ ករណីវះកាត់ធំមានចំនួន 514 ករណី ។
រីឯអត្រាស្លាប់របស់អ្នកជម្ងឺសំរាកព្យាបាលមានចំនួន 0.82%។
ការសំរាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន 4,755នាក់
នៃចំនួនស្ត្រីមានគភ៌រំពឹងទុក 4,607 នាក់។
វឌ្ឍនភាពនេះធ្វើអោយអត្រាមរណៈភាពមាតា
និងទារកមានការថយចុះថែមទៀតនៅក្នុងបណ្តាឆ្នាំខាងមុខ ខណៈដែលសេវាសម្ភព សង្គ្រោះបន្ទាន់
និងថែទាំទារកត្រូវបានពង្រីក ដើម្បីជួយ សង្គ្រោះជីវិតស្ត្រីមានគភ៌ប្រឈមនឹងគ្រោះថ្នាក់នៅពេលសំរាល
និងទារកកើតមិនគ្រប់ខែ។ ការគ្រប់ ដណ្តប់នៃវ៉ាក់សាំងបង្ការជំងឺសម្រេចបាន
97% នៃកុមារចំណុចអាយុ ក្រោម១ឆ្នាំ ។
កុមារអាយុក្រោម៥ឆ្នាំដែលបានមកពិនិត្យជម្ងឺករណីថ្មីមានចំនួន 32,353នាក់ ឬជាមធ្យមកុមារម្នាក់បាន មកពិនិត្យជំងឺ 1.18 ដង
ក្នុង១ឆ្នាំ ។ ដោយឡែកអន្តរាគមន៍អាហារូបត្ថម្ភ បានផ្ដោតជាបឋមលើការបំបៅដោះទារកដោយទឹកដោះម្តាយ
ក្នុងអំឡុង១ម៉ោងដំបូងនៃកំណើត ការផ្តល់មីក្រូសារជាតិដល់ស្ត្រីមានគភ៌
និងស្ត្រីក្រោយសំរាល និងកុមារ ។
កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតថ្មីៗ កំពុងស្ថិតនៅលើមាគ៌ាវឌ្ឍនភាព ។ អត្រាព្យាបាលជោគជ័យនៃជំងឺរបេង 85%។ ករណីឈឺនៃជំងឺគ្រុនចាញ់ ក្នុងឆ្នាំ២០២៥ និងអត្រាស្លាប់ទាបបំផុត 0.00 ក្នុងប្រជាជន១សែននាក់។ វឌ្ឍនភាពនេះនឹងបន្តឈានទៅសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការលប់បំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។ ការពង្រីកការគ្រប់ដណ្តប់នៃសេវាពិនិត្យ និងព្យាបាលជំងឺមិនឆ្លងរ៉ាំរ៉ៃ បានធ្វើអោយមានកំណើននៃការប្រើប្រាស់សេវាទាំងនោះគួរអោយកត់សំគាល់ដូចជាប្រជាជនអាយុពី ២៥ - ៦៤ឆ្នាំ ដែលមានជម្ងឺលើស សម្ពាធឈាម បានទទួលការពិគ្រោះ បានកើនឡើងពី 9,941 នាក់ ក្នុងឆ្នាំ២០២៥ និងប្រជាជនអាយុពី ២៥ - ៦៤ឆ្នាំ ដែល មានជម្ងឺទឹកនោមផ្អែម បានទទួលការពិគ្រោះ 4,693នាក់ ក្នុងរយៈពេលដូចគ្នានេះ។ សេវាសុខភាពមាត់-ធ្មេញ បង្ការភាពងងឹតភ្នែក របួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពចំណីអាហារ សុខភាពបរិស្ថាន កំពុងស្ថិតនៅក្នុងវឌ្ឍនភាព៕







Post a Comment