រដ្ឋឈូងសមុទ្រអារ៉ាប់ ជំរុញឱ្យអាមេរិកកម្ទេចសមត្ថភាពយោធាអ៊ីរ៉ង់ទាំងស្រុង ដើម្បីបញ្ចប់ការគំរាមកំហែង
ឌូបៃ៖ បណ្តាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិក ឱ្យកម្ទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ទាំងស្រុង ដើម្បីបញ្ចប់ការគំរាមកំហែងមកលើខ្សែច្រវាក់ផ្គត់ផ្គង់ថាមពលពិភពលោក។
ខណៈសង្គ្រាមអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ឈានចូលដល់សប្តាហ៍ទី៣
ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា
ទោះបីជាដំបូងឡើយរដ្ឋអារ៉ាប់មិនចង់ឱ្យមានសង្គ្រាមក៏ដោយ
ប៉ុន្តែពេលនេះពួកគេកំពុងជំរុញឱ្យអាមេរិកបញ្ចប់ភារកិច្ចនេះ។ លោក Abdulaziz
Sager ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវឈូងសមុទ្រ បានបញ្ជាក់ថា «មានអារម្មណ៍រួមមួយនៅទូទាំងតំបន់ឈូងសមុទ្រថា អ៊ីរ៉ង់បានឆ្លងកាត់បន្ទាត់ក្រហមទាំងអស់ជាមួយយើង។
កាលពីមុន យើងការពារពួកគេ និងប្រឆាំងសង្គ្រាម
ប៉ុន្តែនៅពេលដែលពួកគេចាប់ផ្តើមវាយប្រហារមកលើយើង ពួកគេបានក្លាយជាសត្រូវ»។
សូមជម្រាបថា ការវាយប្រហារដោយមីស៊ីល
និងដ្រូនរបស់អ៊ីរ៉ង់ ទៅលើអាកាសយានដ្ឋាន កំពង់ផែ និងមជ្ឈមណ្ឌលថាមពលនៃបណ្តាប្រទេសអារ៉ាប់ទាំង៦
បានធ្វើឱ្យមេដឹកនាំក្នុងតំបន់ភ័យខ្លាចថា ប្រសិនបើអ៊ីរ៉ង់នៅសេសសល់សមត្ថភាពយោធា
ឬរោងចក្រផលិតអាវុធ ពួកគេនឹងក្លាយជាចំណាប់ខ្មាំងផ្នែកថាមពលម្តងទៀតនៅពេលអនាគត។
ការវាយប្រហារនេះមិនត្រឹមតែបំផ្លាញហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់រូបភាពនៃ «ស្ថិរភាព»
ដែលបណ្តាប្រទេសទាំងនេះខំកសាងដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍ទៀតផង។
ប្រភពដដែលបានព្រមានថា
ប្រសិនបើអាមេរិកដកខ្លួនចេញមុនពេលបេសកកម្មនេះបញ្ចប់
នោះប្រទេសអារ៉ាប់នឹងត្រូវទុកឱ្យនៅឯកោ ដើម្បីប្រឈមមុខនឹងអ៊ីរ៉ង់ដោយខ្លួនឯង។
ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន
ក៏កំពុងដាក់សម្ពាធលើបណ្តាប្រទេសអារ៉ាប់ឱ្យចូលរួមក្នុងសង្គ្រាមនេះ
ដើម្បីពង្រឹងភាពស្របច្បាប់នៃប្រតិបត្តិការយោធារបស់ខ្លួនផងដែរ៕ (Reuters)

Post a Comment