អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដាក់ពាក្យប្ដឹងឧទ្ធរណ៍
សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាត់ទោសរូបលោកដាក់ពន្ធនាគារអស់មួយជីវិត ពីបទបះបោរ ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីឆ្នាំ២០២៤។
តុលាការមួយក្នុងទីក្រុងសេអ៊ូល
កាលពីសប្ដាហ៍មុនបានរកឃើញថាលោក Yoon មានពិរុទ្ធភាពពាក់ព័ន្ធនឹងការដឹកនាំសកម្មភាពបះបោរមួយដែលធ្វើឡើងដើម្បីធ្វើឱ្យសភាជាតិគាំងដំណើរការ
ជាមួយការផ្ដន្ទាទោសរូបលោកដាក់ពន្ធនាគារអស់មួយជីវិត។
ប៉ុន្តែនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារ
ក្រុមមេធាវីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះបានឱ្យដឹងថាលោក Yoon បានសម្រេចចិត្តប្ដឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមកាត់ទោសរូបលោក។
លោក Yoon កាលពីថ្ងៃទី៣
ខែធ្នូ ឆ្នាំ២០២៤ បានបង្កភាពភ្ញាក់ផ្អើលមួយតាមរយៈការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក
ក្រោមហេតុផលដែលលោកអះអាងថាដើម្បីប្រឆាំងនឹងការគំរាមកំហែង ពីឥទ្ធិពលកូរ៉េខាងជើង
និងកងកម្លាំងប្រឆាំងនឹងរដ្ឋដែលលោកចង់សំដៅលើក្រុមគណបក្សប្រឆាំង។
ប៉ុន្តែការប្រកាសប្រើច្បាប់អាជ្ញាសឹកនេះមានរយៈពេលត្រឹមតែ
៦ម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមសមាជិកសភាកូរ៉េខាងត្បូងសម្រុកចូលទៅក្នុងអគារសភា
ដើម្បីធ្វើការបោះឆ្នោតបន្ទាន់មួយលុបចោល ការប្រកាសប្រើច្បាប់អាជ្ញាសឹក។ លោក Yoon
ត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីខែមេសា
ឆ្នាំ២០២៥ ហើយប្រជាជនកូរ៉េខាងត្បូងបានបោះឆ្នោតគាំទ្រឱ្យ លោក Lee Jae Myung ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង
ក្នុងការបោះឆ្នោតមុនអាណត្តិមួយកាលពីខែមិថុនា ឆ្នាំដដែលនោះ៕ (AFP)

Post a Comment