អាជ្ញាធរស្រុកកំពង់ត្រាច ចុះអន្តរាគមន៍ភ្លាមៗ ករណីចាក់ដីរំលោភបិទផ្លូវទឹក នៅក្បែរផ្លូវជាតិលេខ៣៣
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ឆ្លើយតបយ៉ាងរហ័សចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋ និងការផ្សាយរបស់សារព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឃឹម សាមី អភិបាលរងស្រុក តំណាងលោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់ដីមួយកន្លែងដែលកំពុងបង្កការរាំងស្ទះដល់ផ្លូវទឹក។
ទីតាំងចាក់ដីរបស់ឈ្មោះ ឡុង សុខ ស្ថិតក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច បានប៉ះពាល់ចំ "ចំណុចលូភ្លោះ" ដែលជាដង្ហើមទឹកយ៉ាងសំខាន់ឆ្លងកាត់ផ្លូវជាតិលេខ៣៣ (ពីជើងទៅត្បូង)។ ការចាក់ដីនេះ នឹងធ្វើឱ្យទឹកពុំអាចរំដោះបាននៅរដូវវស្សា ដែលអាចបង្កឱ្យមានការលិចលង់ប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងការធ្វើដំណើររបស់សាធារណជន។
ដើម្បីការពារផលប្រយោជន៍រួម និងធានាប្រព័ន្ធរំដោះទឹកឱ្យមានប្រសិទ្ធភាព ក្រុមការងារបានសម្រេចដោះស្រាយតាមបច្ចេកទេសដូចខាងក្រោម៖
១. ឯកភាពជាគោលការណ៍រៀបចំប្រព័ន្ធលូអមសង្ខាងផ្លូវជាតិលេខ៣៣។
២. បង្វែរទិសដៅទឹកឱ្យធ្លាក់ទៅក្នុងប្រឡាយមេទាំងខាងលិច និងខាងកើត។
៣. ការងារនេះនឹងធ្វើឡើងក្រោមការសម្របសម្រួលពីអាជ្ញាធរ ដោយមានការចូលរួមចំណាយពីប្រជាពលរដ្ឋ ដើម្បីធានាបាននូវដំណោះស្រាយយូរអង្វែង។
ក្រៅពីករណីខាងលើ ក្នុងថ្ងៃដដែលនេះ ក្រុមការងារក៏បានបន្តបេសកកម្មសំខាន់ៗផ្សេងទៀតរួមមាន៖ ការសិក្សាបង្កើត "ផ្សារកសិកម្មសហគមន៍" នៅផ្សារសោមចិន ឃុំអង្គសុរភី ដើម្បីលើកកម្ពស់ផលិតផលកសិករក្នុងស្រុក និងកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពផលប៉ះពាល់ "ព្រែកជីកហ្វូណនតេជោ" ដើម្បីជំរុញគម្រោងប្រវត្តិសាស្ត្រជាតិឱ្យមានភាពរលូន។
ជាមួយគ្នានេះ អាជ្ញាធរស្រុក សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មាន ដែលបានផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យអាជ្ញាធរចុះអន្តរាគមន៍បានទាន់ពេលវេលា៕





Post a Comment