គយកម្ពុជា និងកូរ៉េ ឯកភាពបន្តអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានទទួលជួបគណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ ដែលដឹកនាំដោយ លោកបណ្ឌិត LEE, Myeong-ku អគ្គនាយកនៃរដ្ឋបាលគយកូរ៉េ ក្នុងគោលបំណងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការអនុវត្តប្រតិបត្តិការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ការពង្រឹងការអនុវត្តច្បាប់ និងការជំរុញកិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត គុណ ញឹម
បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈប្រតិភូនៃរដ្ឋបាលគយកូរ៉េ
ដែលបានមកបំពេញបេសកកម្មនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋបាលគយទាំងពីរ
ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសម្រួលពាណិជ្ជកម្ម, ការពង្រឹងការចែករំលែកព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
និងការផ្តល់ជំនួយបច្ចេកទេសសម្រាប់កសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស
ជាក់ស្តែងរដ្ឋបាលគយទាំងពីរបានបញ្ជូនមន្ត្រីគយ និងរដ្ឋាករនៃរដ្ឋបាលគយរបស់ខ្លួន
ដើម្បីចូលរួមអនុវត្តប្រតិបត្តិការ នៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ និងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
នាឱកាសនោះដែរលោក LEE,
Myeong-ku ក៏បានថ្លែងអំណរគុណ
និងកោតសរសើរយ៉ាងខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយរដ្ឋបាលគយកម្ពុជា
ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹង
និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ ដោយផ្តោតលើ (១)
ការគ្រប់គ្រងហានិភ័យ, (២) ការការពារកម្មសិទ្ធិបញ្ញា (IPR),
(៣) យន្តការនៃការផ្លាស់ ប្តូរព័ត៌មាន និង (៤)
ឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឆ្នាំ២០២៦។
ភាគីទាំងពីរបានឯកភាពគ្នាលើចំណុចសំខាន់ៗ
រួមមាន៖ (១) បន្តជំរុញ និងអនុវត្តទំនើបកម្ម និងកំណែទម្រង់គយ
ដើម្បីពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងហានិភ័យ, (២) ពិនិត្យលើ គម្រោងប្រតិបត្តិការរួមគ្នារវាង រដ្ឋបាលគយកម្ពុជា
និងរដ្ឋបាលគយកូរ៉េ ស្តីពីការការពារកម្មសិទ្ធិបញ្ញា, (៣) បង្កើតនិងជំរុញយន្តការនៃការផ្លាស់ប្តូរព័ត៌មានស្ថិតិ
និងព័ត៌មានសម្ងាត់ ដោយមានសុវត្ថិភាព និងទាន់ពេលវេលា
ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់, ការរត់គេចពន្ធ
និងបទល្មើសឆ្លងដែនផ្សេងទៀត និង (៤)
ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការដើម្បីអនុវត្តប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន
ឆ្នាំ២០២៦៕






Post a Comment