ទេសរដ្ឋមន្ត្រី កែវ រ៉េមី៖ ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់កម្ពុជា មិនទទួលស្គាល់ការគ្រប់គ្រងរបស់យោធាថៃ លើដែនអធិបតេយ្យកម្ពុជា មានអត្ថប្រយោជន៍សំខាន់តាមច្បាប់អន្តរជាតិ និងការទូត
ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ការចេញលិខិតបដិសេធតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន តាមទស្សនៈច្បាប់អន្តរជាតិ និងការទូត។
តាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៨ ខែកុម្ភៈ
ឆ្នាំ២០២៦នេះ ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានរៀបរាប់ថា៖ «មានបងប្អូនយើងខ្លះចោទជាសំណួរតាមបែបចំអកដោយប្រមាថមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខ្មែរខ្លួនឯងដោយនិយាយថា
«ការចេញលិខិតបដិសេធជាបន្តបន្ទាប់មិនទទួលស្គាល់ចំពោះការឈ្លានពាន
និងគ្រប់គ្រងលើទឹកដីខ្មែរដោយយោធាថៃ, តើវាបានប្រយោជន៍ស្អី?
បានដីមកវិញដែរ ឬទេ? ឥឡូវនេះថៃវាកំពុងយកដី»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
សូមជម្រាបជូនថា
ការចេញលិខិតបដិសេធតាមផ្លូវច្បាប់មិនទទួលស្គាល់នូវការគ្រប់គ្រងរបស់យោធាថៃ
មកលើដែនអធិបតេយ្យកម្ពុជា គឺមានអត្ថប្រយោជន៍សំខាន់ៗជាច្រើន
តាមទស្សនៈច្បាប់អន្តរជាតិ និងការទូតដូចជា៖
ទី១/ បើយើងមិនចេញលិខិតបដិសេធ
( protest note)ទេ មានន័យថា
ការកាន់កាប់លើទឹកដីខ្មែរដោយយោធាថៃគឺស្របច្បាប់
យល់ព្រមឲ្យទឹកដីខ្មែរទៅថៃដោយសន្តិវិធី។
ទី២/ ការចេញលិខិតបដិសេធបានបញ្ជាក់តាមផ្លូវច្បាប់ថា:
ការគ្រប់គ្រងលើទឹកដីកម្ពុជាដោយយោធាថៃ
គឺជាការគ្រប់គ្រងខុសច្បាប់ក្នុងរយ:ពេលមួយបណ្តោះអាសន្នតែប៉ុណ្ណោះ។
ទី៣/ លិខិតបដិសេធនឹងក្លាយជា
ឯកសារផ្លូវការសំខាន់ដែលបង្ហាញថា កម្ពុជាបានប្រឆាំងជាបន្តបន្ទាប់
មិនដែលទទួលស្គាល់ការឈ្លានពានរបស់ទាហានថៃ
ដើម្បីទុកប្រើប្រាស់ជាភស្តុតាងតាមផ្លូវតុលាការអន្តរជាតិ។
ទី៤/ បង្ហាញថាកម្ពុជា
គោរពច្បាប់អន្តរជាតិ និងដោះស្រាយវិវាទតាមផ្លូវច្បាប់ដោយសន្តិវិធី
មិនប្រើកម្លាំងយោធាវាយតបតវិញ។ នេះជាវិធីល្អមួយដែលអាចជួយរកការគាំទ្រពីប្រទេសនានា
ឬពីសហគមន៍អន្តរជាតិ។
និងទី៥/ ការចេញលិខិតបដិសេធគឺប្រឆាំងទប់នឹងពាក្យ
tacit consent។ ក្នុងច្បាប់អន្តរជាតិ
ប្រសិនបើមានភាពស្ងៀមស្ងាត់យូរ មិនបដិសេធអាចត្រូវបានគេបកស្រាយថាបានទទួលស្គាល់ដោយសន្តិភាពគ្មានការតវ៉ា។
ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា
សរុបសេចក្តីមក
រាល់ការចេញលិខិតបដិសេធតាមផ្លូវការរបស់រាជរដ្ឋាភិបាលគឺជាការការពារអធិបតេយ្យភាព
រក្សាជំហរតាមផ្លូវច្បាប់ បង្កើតភស្តុតាងសម្រាប់ប្រើនៅក្នុងផ្លូវតុលាការ ទប់ស្កាត់ fait
accompli និងបាននឹងកំពុងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ៕

Post a Comment