សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម លើកទី២
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាង ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន គ.ស.ហ. ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពី ការវាយតម្លៃហានិភ័យថ្នាក់ជាតិស្តីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២។
សិក្ខាសាលាផ្សព្វផ្សាយនេះមានការចូលរួមពី
ឯកឧត្តម Christian
DesRoches ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោកស្រី Tania
Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា
និងតំណាងក្រសួងស្ថាប័ន វិស័យឯកជន និងភាគីពាក់ព័ន្ធ សរុបប្រមាណ ២៥០រូប។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២។
របាយការណ៍វាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី២ នេះ គឺត្រូវបានរៀបចំឡើង
បន្ទាប់ពីការវាយតម្លៃហានិភ័យថ្នាក់ជាតិលើកទី១ កាលពីឆ្នាំ២០១៦។
ឯកសារដ៏មានសារៈសំខាន់នេះគឺជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្រ្តថ្នាក់ជាតិ
ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា
ដែលក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវអនុវត្តក្នុងការទប់ស្កាត់ និងបង្ក្រាប
សកម្មភាពពាក់ព័ន្ធការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ក្នុងលក្ខណៈបុរេសកម្ម
និងមានការទទួលខុសត្រូវ៕










Post a Comment