លោក ដូណាល់ ត្រាំ កំពុងពិភាក្សាពីវិធីសាស្ត្រដើម្បីកាន់កាប់ Greenland
វ៉ាស៊ីនតោន៖ សេតវិមានបានឱ្យដឹងកាលពីថ្ងៃអង្គារ ទី៦ ខែមករា ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិភាក្សាអំពីជម្រើសដើម្បីគ្រប់គ្រងដែនដី Greenland ឱ្យបាន ក្នុងនោះរួមមានទាំងជម្រើសប្រើប្រាស់ យោធាអាមេរិក ហើយនេះជាបញ្ជាក់ឡើងវិញពីមហិច្ឆតារបស់លោកចង់កាន់កាប់ដែនកោះយុទ្ធសាស្ត្រមួយនេះ បើទោះជាមានការជំទាស់ពីបណ្ដាប្រទេសអឺរ៉ុបក៏ដោយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ
សេតវិមានបាននិយាយថាលោក ត្រាំសម្លឹងឃើញថា Greenland គឺជាអាទិភាពសន្តិសុខជាតិចាំបាច់មួយរបស់សហរដ្ឋអាមេរិកដើម្បីកំញើញសត្រូវរបស់ពួកយើងនៅក្នុងតំបន់អាក់ទិក។ «លោកប្រធានាធិបតី
និងក្រុមការងាររបស់លោកកំពុងពិភាក្សាលើជម្រើសជាច្រើនដើម្បីសម្រេចឱ្យបាននូវគោលដៅនៃគោលនយោបាយការបរទេសដ៏សំខាន់នេះ
ហើយជាការពិតណាស់ ការប្រើប្រាស់យោធាអាមេរិកតែងតែ ជាជម្រើសមួយ
ប្រសិនបើមានបញ្ជាពីអគ្គមេបញ្ជាការកងទ័ពអាមេរិក (ប្រធានាធិបតីអាមេរិក)»។ នេះជាការគូសបញ្ជាក់របស់សេតវិមាន។
Greenland ដែលជាដែនដីស្វយ័តមួយរបស់ដាណឺម៉ាកបាននិយាយម្ដងហើយម្ដងទៀតថាខ្លួនមិនចង់ស្ថិតនៅក្រោមការគ្រប់គ្រង
ឬក្លាយជាផ្នែកមួយនៃទឹកដីរបស់សហរដ្ឋអាមេរិកនោះទេ ខណៈបណ្ដាមេដឹកនាំអឺរ៉ុប និងកាណាដា
បានបង្ហាញការគាំទ្រដល់ដែនដីមួយនេះកាលពីថ្ងៃអង្គារដោយនិយាយថា Greenland គឺជាកម្មសិទ្ធិរបស់ប្រជាជន Greenland។
សូមជម្រាបថា
នៅបន្ទាប់ពីប្រើកម្លាំងយោធាទម្លាក់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស់
ម៉ាឌូរ៉ូចេញពីអំណាច
និងចាប់ខ្លួនមេដឹកនាំរូបនេះទៅកាន់សហរដ្ឋអាមេរិកកាលពីចុងសប្ដាហ៍កន្លងទៅ លោក ត្រាំ
បានបន្ត ព្រមានប្រទេសមួយចំនួនទៀតរួមមានកូឡុំប៊ី និងគុយបា
ហើយលោកក៏បានលើកឡើងជាថ្មីផងដែរពីមហិច្ឆតាចង់យកដែនដី Greenland មកធ្វើជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក៕ (Reuters)

Post a Comment