អឺរ៉ុបអនុម័តជាផ្លូវការលើការហាមឃាត់ការនាំចូលឧស្ម័នរុស្ស៊ីទាំងស្រុងត្រឹមឆ្នាំ២០២៧

ព្រុចសែល៖ ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) នៅថ្ងៃចន្ទនេះ បានផ្តល់ការអនុម័តចុងក្រោយដើម្បីហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ីនៅចុងឆ្នាំ២០២៧។ ចំណាត់ការនេះធ្វើឱ្យការសន្យាកាត់ផ្តាច់ទំនាក់ទំនងថាមពលជាមួយអតីតអ្នកផ្គត់ផ្គង់កំពូល ក្លាយជាកាតព្វកិច្ចផ្លូវច្បាប់។

ទោះបីជាប្រទេសស្លូវ៉ាគី និងហុងគ្រីបោះឆ្នោតប្រឆាំង ហើយប៊ុលហ្គារីអនុប្បវាទក៏ដោយ ក៏ច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើន។ ក្រោមកិច្ចព្រមព្រៀងនេះ EU នឹងបញ្ឈប់ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីត្រឹមចុងឆ្នាំ២០២៦ និងឧស្ម័នតាមបំពង់បង្ហូរត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។

សូមជម្រាបថា រុស្ស៊ីធ្លាប់ផ្គត់ផ្គង់ឧស្ម័នជាង ៤០% ដល់ EU មុនពេលឈ្លានពានអ៊ុយក្រែន ប៉ុន្តែតួលេខនេះបានធ្លាក់ចុះមកនៅត្រឹមប្រហែល ១៣% ក្នុងឆ្នាំ២០២៥។ វិធានការនេះមានគោលបំណងកាត់បន្ថយចំណូលដែលរុស្ស៊ីប្រើប្រាស់សម្រាប់ធ្វើសង្គ្រាម៕ (Reuters)



 

Powered by Blogger.