កម្ពុជា សម្រេចចូលរួមជាសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ
បានបង្ហោះសារបញ្ជាក់បន្ថែមជូនជនរួមជាតិខ្មែរ
ជុំវិញការសម្រេចចិត្តចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព។
សម្តេចបញ្ជាក់ថា ការចូលរួមនេះ
គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ
និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល
ហើយការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ
មិនតម្រូវឱ្យបង់ថវិកាទេ លើកលែងតែសមាជិកអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា
១ពាន់លានដុល្លារ។
សម្តេចបវរធិបតី បានបង្ហោះសារទាំងស្រុងដូច្នេះថា៖
«កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The
Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក
Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។
ការចូលរួមនេះ គឺ។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព
ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជា
តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព
ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន
ដែលរងគ្រោះដោយសារសង្រ្គាម។
ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ
ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព
សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា
១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង (អចិន្ត្រៃយ៍)
តែប៉ុណ្ណោះ»៕

Post a Comment