តួកគីព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីបរទេសនៅអ៊ីរ៉ង់ និងអំពាវនាវឱ្យមានការចរចា

អង់ការ៉ា៖ ប្រទេសតួកគីបានព្រមាននៅថ្ងៃចន្ទនេះថា ការអន្តរាគមន៍ពីបរទេសណាមួយនៅក្នុងប្រទេសអ៊ីរ៉ង់ដែលជាអ្នកជិតខាង នឹងនាំឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេស និងតំបន់ទាំងមូល ខណៈការព្រមាននេះ ធ្វើឡើង ខណៈដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមអន្តរាគមន៍ ប្រសិនបើមានការប្រើហិង្សលើអ្នកតវ៉ា។

លោក អូមេ សេលីក (Omer Celik) អ្នកនាំពាក្យគណបក្សកាន់អំណាច AK បានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះត្រូវតែដោះស្រាយតាមរយៈយន្តការផ្ទៃក្នុងរបស់អ៊ីរ៉ង់។ លោកបានព្រមានថា «យើងជឿជាក់ថាការអន្តរាគមន៍ពីបរទេសនឹងនាំឱ្យមានផលវិបាកកាន់តែអាក្រក់ ជាពិសេសការអន្តរាគមន៍ដែលបង្កឡើងដោយអ៊ីស្រាអែល»

រដ្ឋមន្ត្រីការបរទេសតួកគី លោក ហាខាន់ ហ្វីដាន (Hakan Fidan) បានទទួលស្គាល់ថា បាតុកម្មនេះកើតចេញពីបញ្ហាពិតប្រាកដ ប៉ុន្តែក៏កំពុងត្រូវបាន «ញុះញង់ពីបរទេស» ដោយគូប្រជែងរបស់អ៊ីរ៉ង់ផងដែរ។ លោកបានអំពាវនាវឱ្យមានការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហា។

សូមជម្រាបថា យោងតាមក្រុមសិទ្ធិមនុស្ស HRANA មនុស្សចំនួន ៥៤៤នាក់បានស្លាប់ និងជាង ១ម៉ឺននាក់ត្រូវបានចាប់ខ្លួន ចាប់តាំងពីការតវ៉ាផ្ទុះឡើងនៅចុងខែធ្នូ៕



 

Powered by Blogger.