កងនាវាចម្បាំងអាមេរិក ធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ

វ៉ាស៊ីនតោន៖ នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿង អមដំណើរដោយនាវាពិឃាដជាច្រើនគ្រឿងបានធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ដែលនេះនឹងជួយពង្រីកសមត្ថភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីការពារកងកម្លាំងអាមេរិក ឬក៏ចាត់វិធានយោធាណាមួយប្រឆាំងនឹងអ៊ីរ៉ង់។

មន្ត្រីអាមេរិក២នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយកាលពីថ្ងៃចន្ទ ទី២៦ ខែមករាថា នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln និងនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើន គ្រឿងបានធ្វើដំណើរឆ្លងចូលទៅក្នុងតំបន់មជ្ឈិមបូព៌ា។

កងនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln បានចាកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីដើមខែមករា ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈភាពតានតឹងរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើងកម្ដៅខ្លាំង បន្ទាប់ពីការបង្រ្កាបយ៉ាងសាហាវលើក្រុមបាតុករនៅទូទាំងប្រទេសអ៊ីរ៉ង់។ ក្រៅតែពីបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង និងនាវាពិឃាដ សហរដ្ឋអាមេរិកក៏បានដាក់ពង្រាយផងដែរយន្ដហោះចម្បាំង និងប្រព័ន្ធខែលប្រឆាំងមីស៊ីលទៅកាន់តំបន់មជ្ឈិមបូព៌ា។

សូមជម្រាបថា លោក ត្រាំបានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តសម្លាប់ បាតុករ។ តែស្ថានការណ៍បាតុកម្មនៅទូទាំងប្រទេសអ៊ីរ៉ង់មានការថមថយ ហើយលោក ត្រាំក៏បានអះអាងដែរថាការប្រហារជីវិតក្រុមបាតុករត្រូវបានបញ្ឈប់៕ (Reuters)



 

Powered by Blogger.