អ៊ីរ៉ង់ព្រមានឆ្លើយតបយ៉ាងធ្ងន់ធ្ងរចំពោះការឈ្លានពាន ខណៈអាមេរិកបញ្ជូនកងនាវាចម្បាំងចូលតំបន់

តេហេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេសម៉ាអ៊ីល បាហ្គាអ៊ី (Esmaeil Baghaei) បានប្រកាសនៅថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់នឹងផ្តល់ការឆ្លើយតបដ៏គ្រប់ជ្រុងជ្រោយ និងធ្វើឱ្យមានការសោកស្តាយចំពោះរាល់ការឈ្លានពានណាមួយ។

ការព្រមាននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និងសមយុទ្ធរួមគ្នាជាមួយរដ្ឋឈូងសមុទ្រនៅតំបន់អាស៊ីខាងលិច។ លោក បាហ្គាអ៊ី បានសង្កត់ធ្ងន់ថា «យើងបាននិងកំពុងប្រឈមមុខនឹងសង្គ្រាមកូនកាត់។ បន្ទាប់ពីការឈ្លានពានរបស់អ៊ីស្រាអែលកាលពីខែមិថុនា យើងប្រឈមនឹងការគំរាមកំហែងថ្មីៗពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជារៀងរាល់ថ្ងៃ»

លោកបានបន្ថែមថា «អសន្តិសុខគឺជាជំងឺឆ្លង...ប្រទេសនានាគួរតែដឹងថា អ៊ីរ៉ង់មិនមែនជាគោលដៅតែមួយគត់នៃអសន្តិសុខក្នុងតំបន់នោះទេ» ហើយបានជំរុញឱ្យប្រទេសដែលគោរពច្បាប់អន្តរជាតិ បង្ហាញជំហរច្បាស់លាស់ប្រឆាំងនឹងការគំរាមកំហែងរបស់អាមេរិក។

ទាក់ទងនឹងការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា «កងនាវាចម្បាំងដ៏ធំ» (armada) កំពុងធ្វើដំណើរមកកាន់តំបន់នេះ លោក បាហ្គាអ៊ី បាននិយាយថា វត្តមាននាវាផ្ទុកយន្តហោះនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់អ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងសន្តិសុខជាតិឡើយ។

ទន្ទឹមគ្នានេះ លោកបានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ និងកែលម្អសមត្ថភាពរបស់ខ្លួនជាប្រចាំ។ ចំពោះលទ្ធភាពនៃការចរចា លោកបានបន្ថែមថា អ៊ីរ៉ង់មិនដែលស្វាគមន៍ សង្គ្រាមទេ ប៉ុន្តែក៏មិនដែលគេចវេះពីការទូតដែរ ប្រសិនបើភាគីម្ខាងទៀតមិនស្វែងរកការប្រឈមមុខដាក់គ្នា៕



 

Powered by Blogger.