កងរាជអាវុធហត្ថខេត្តកំពត ផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខតាមទីតាំងរស់នៅប្រមូលផ្តុំ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារ "អនុក្រឹត្យរាជរដ្ឋាភិបាលកម្ពុជា លេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ"។

 ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ហែម ចាន់ដារ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ-នាយរងពលទាហាន កងអន្តរាគមន៍ និងសិក្ខាកាមជំនាន់ទី៤៧ នៃកងរាជអាវុធហត្ថជាច្រើនរូប។

​កិច្ចប្រជុំនេះធ្វើឡើងដើម្បីការពង្រឹងការយល់ដឹង បញ្រ្ជៀបចំណេះដឹងផ្នែកច្បាប់ និងបទដ្ឋានគតិយុត្តថ្មីៗរបស់រាជរដ្ឋាភិបាល ដល់មន្ត្រីអាវុធហត្ថគ្រប់ជាន់ថ្នាក់ និងដាក់ចេញនូវវិធានការគ្រប់គ្រងសន្តិសុខ និងសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមទីតាំងដែលមានការរស់នៅប្រមូលផ្តុំ (ដូចជាបុរី ខុនដូ ឬតំបន់ស្នាក់នៅរួមនានា)។ ជាមួយគ្នានេះគឺដើម្បីក្រើនរំលឹកដល់កងកម្លាំង និងសិក្ខាកាមជំនាន់ក្រោយ ឱ្យត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួមការពារសណ្តាប់ធ្នាប់សង្គម ស្របតាមការណែនាំរបស់ថ្នាក់ដឹកនាំ។

 ​ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក មេបញ្ជាការរង ក៏បានផ្ដាំផ្ញើដល់សិក្ខាកាម និងកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពតឱ្យបានល្អប្រសើរ៕








Powered by Blogger.