ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អនុញ្ញាតឱ្យមេទ័ពជើងទឹកអាមេរិកប្រចាំឥណ្ឌូ-ប៉ាស៊ីហ្វិក ជួបសម្តែងការគួរសម

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី២៦ ខែមករា ឆ្នាំ២០២៦នេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានអនុញ្ញាតឱ្យនាយឧត្តមនាវី Samuel Paparo មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក នៃកងទ័ពជើងទឹកអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមូលដ្ឋានសមុទ្ររាម។

នាយឧត្តមនាវី Samuel Paparo បំពេញទស្សនកិច្ចនៅកម្ពុជា ស្របពេលជាមួយនឹងនាវាចម្បាំងអាមេរិក ចូលមកចតនៅមូលដ្ឋានសមុទ្ររាមរបស់កម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-អាមេរិក។

កាលពីព្រឹកមិញនេះ នាយឧត្តមនាវី Samuel Paparo ក៏បានចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជំនួបរវាងសម្តេចមហាបវរធិបតី និងមេទ័ពជើងទឹកអាមេរិក ដើម្បីពិភាក្សាពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក​ ក្នុងវិស័យការពារជាតិ និងវិធីពង្រឹងចំណងទាក់ទងទ្វេភាគី និងការការគាំទ្រដល់ស្ថិរភាពតំបន់។

កិច្ចពិភាក្សាបានផ្តោតលើការសន្ទនា ទំនុកចិត្តគ្នា​និងស្ថិរភាព​តំបន់។ សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការប្រកៀកស្មាគ្នា ដើម្បីលើកស្ទួយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ






 

Powered by Blogger.