សម្តេចធិបតី ឃួន សុដារី ស្នើអារ៉ាប៊ីសាអូឌីត ជុំវិញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងប្រទេសទំាងពីរឱ្យកាន់ តែរីកចម្រើនឡើង
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ( Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។
សម្តេចរដ្ឋសភាធិបតី
បានសម្ដែងនូវការស្វាគមន៍
និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម
ដែលបានសម្រេចនូវលទ្ធផលជាច្រើន
នាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជារួមចំណែកដល់តំបន់
និងសកលលោកផងដែរ។
ទំនាក់ទំនងរវាងកម្ពុជា
និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនស្ទើលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ
និងនីតិប្រតិបត្តិ។
នៅក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត
កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយឯកឧត្តមប្រធានរដ្ឋសភា អារ៉ាប៊ីសាអូឌីត
ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ ដែរ។
សម្ដេចរដ្ឋសភាធិបតី
ឃួន សុដារី បានបញ្ជាក់ថា
តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ
គឺជាផ្នែកមួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងជិតស្និទ្ធ
ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត
ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ
កាន់តែមានភាពរីកចម្រើន។
ឯកឧត្តមឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត
បានអរគុណចំពោះសម្ដេចរដ្ឋសភាធិបតី ដែលបានអនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្ដែងការគួរសម
និងជម្រាបលានៅពេលនេះ។ ឯកឧត្តមបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា
ពីលទ្ធផលការងារជាច្រើនដែលបានសម្រេចនៅក្នុងរយៈពេល៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ ឯកឧត្តម
មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី
ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា
មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា
ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត
មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់
និងយោគយល់គ្នាទៅវិញទៅមក។
ប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម
វិនិយោគ ទេសចរណ៍ និងអប់រំជាដើម ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា
ទំនងទំនងរវាងប្រជាជន
និងប្រជាជនគឺជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
អារ៉ាប៊ីសាអូឌីត
គឺជាច្រកទំនាក់ទំនងដ៏សំខាន់ រវាងអាស៊ី និងមជ្ឈិមបូព៌ា។
អារ៉ាប៊ីសាអូឌីតគួរមើលកម្ពុជាឱ្យហួសពីកម្ពុជា
គឺគួរសម្លឹងមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន
និងក្នុងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារសេដ្ឋកិច្ចមួយយ៉ាងធំ។ សម្តេចប្រធានរដ្ឋសភា
ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះត្រង់រវាងប្រទេសទំាងពីរផងដែរ។
ឯកឧត្តម
មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី គំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា
ហើយបានបញ្ជាក់ថា ទោះបីបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់យ៉ាងណាក្តី
ក៏ឯកឧត្តមខិតខំជំរុញ និងលើកកម្ពស់
កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីចម្រើនបន្តទៀត ដោយឯកឧត្ដមបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ
ដែលមានភាពរីកចម្រើនស្រាប់
ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្តមបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត
នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ
តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត៕




Post a Comment