ហ្សេលេនស្គី៖ ឯកសារធានាសន្តិសុខពីសហរដ្ឋអាមេរិក រួចរាល់១០០ភាគរយ

បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាឯកសារមួយរបស់សហរដ្ឋអាមេរិកស្ដីពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បានរួចរាល់ទាំងស្រុង ហើយទីក្រុងកៀវកំពុងរង់ចាំការកំណត់ពេលវេលា និងទីកន្លែងរៀបចំពិធីចុះហត្ថលេខា។

នៅឯសន្និសីទមួយអំឡុងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង Vilnius នៃប្រទេសលីទុយអានី លោក ហ្សេលេនស្គីបានគូសបញ្ជាក់ដូច្នេះថា «សម្រាប់យើង ការធានាសន្តិសុខពីសហរដ្ឋអាមេរិក គឺជារឿងសំខាន់ដំបូងបំផុត។ ឯកសារបានរួចរាល់១០០ភាគរយ ហើយយើងកំពុងរង់ចាំដៃគូរបស់យើងបញ្ជាក់ពីកាលបរិច្ឆេទ និងទីកន្លែងដែលយើងត្រូវចុះហត្ថលេខា»។ តាមលោក ហ្សេលេនស្គី ឯកសារស្ដីពីការធានាសន្តិសុខខាងលើនឹងត្រូវបញ្ជូនទៅកាន់សភាអាមេរិក និងសភាអ៊ុយក្រែនដើម្បីផ្ដល់សច្ចាប័ន។

សូមជម្រាបថា កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍សប្ដាហ៍មុន ក្រុមអ្នកចរចាអ៊ុយក្រែន និងរុស្ស៉ី បានបើកកិច្ចប្រជុំត្រីភាគីជាលើកដំបូងដែលមានការចូលរួមពីក្រុមមន្ត្រីអាមេរិក នៅក្នុងទីក្រុង Abu Dhabi ដើម្បីពិភាក្សាពីក្របខណ្ឌការងាររបស់ទីក្រុងវ៉ាស៊ីនតោន សំដៅបិទបញ្ចប់សង្រ្គាមដែលអូសបន្លាយពេលជិត៤ឆ្នាំមកនេះ។ តែកិច្ចប្រជុំនេះបានបិទបញ្ចប់ទៅដោយមិនមាន កិច្ចព្រមព្រៀងអ្វីទេ៕



 

Powered by Blogger.