អ៊ីរ៉ង់ព្រមានសងសឹកចំពោះការវាយប្រហារណាមួយរបស់អាមេរិក ក្រោយរងការគំរាមជាបន្តបន្ទាប់ពីលោក ត្រាំ

តេហេរ៉ង់៖ អ៊ីរ៉ង់បានព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក មុខជានឹងនាំឱ្យទីក្រុងតេហេរ៉ង់ បើកការវាយប្រហារឆ្លើយតបវិញប្រឆាំងអ៊ីស្រាអែល ព្រមទាំងមូលដ្ឋានយោធានានារបស់អាមេរិក ដែលស្ថិតក្នុងតំបន់។

សារព្រមានខាងលើធ្វើឡើងដោយ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf ស្របពេលដែលប្រភពនៅអ៊ីស្រាអែល បានបង្ហើបឱ្យដឹងថា អ៊ីស្រាអែលកំពុងប្រុងជើងការខ្ពស់ សម្រាប់លទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់អាមេរិក ដើម្បីគាំទ្រចំពោះ​ចលនាបាតុកម្មទូទាំងប្រទេស ដែលបាននិងកំពុងរីករាលនៅអ៊ីរ៉ង់។

ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ដូណាល់ ត្រាំ បានគំរាមម្តងហើយម្តងទៀតថា អាចនឹងធ្វើអន្តរាគមន៍យោធានៅប្រទេសអ៊ីរ៉ង់ ហើយលោកបានព្រមានថ្នាក់ដឹកនាំអ៊ីរ៉ង់ ប្រឆាំងការប្រើប្រាស់អំពើហិង្សាលើក្រុមបាតុករ។ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានប្រកាសជាថ្មីថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ដើម្បីទៅជួយក្រុមបាតុករនៅអ៊ីរ៉ង់។

សូមជម្រាបថា ​អ៊ីរ៉ង់ធ្លាប់បានធ្វើសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ជាមួយអ៊ីស្រាអែល ហើយអំឡុងពេលនោះ អាមេរិកក៏បានចូលរួម​ជាមួយអ៊ីស្រាអែល វាយប្រហារលើទីតាំងចម្រាញ់សារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ផងដែរ៕ (Reuters)



 

Powered by Blogger.