កងទ័ពជើងទឹកកម្ពុជា និងអាមេរិក ប្រកួតបាល់ទាត់មិត្តភាព
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ក្រោយពេលចូលសំចតនៅមូលដ្ឋានសមុទ្ររាមក្រៅពីការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាហើយនោះ នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦នេះ កងទ័ពជើងទឹករបស់កម្ពុជា និងអាមេរិក បានបើកការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពផងដែរ។
លោកឧត្តមនាវីត្រី អុិន សុខេមរា
មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមកងទ័ពជើង បានគូសបញ្ជាក់ថា
ការប្រកួតបាល់ទាត់នេះ ជាការប្រកួតដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹកកម្ពុជា
និងអាមេរិក។ ក្នុងឱកាសនោះ លោក សុខេមរា បានជូនពរឱ្យចំណងមិត្តភាពកម្ពុជា
និងអាមេរិក កាន់តែល្អប្រសើ។
ការប្រកួតនេះ ត្រូវបានធ្វើឡើងរយៈពេល៦០នាទី
ដោយ៣០នាទីសម្រាកម្តង។ បើទោះបីជាកងទ័ពជើងទឹក តែទាំងកងទ័ពជើងទឹកទាំងខាងកម្ពុជា
និងអាមេរិក បានប្រកួតគ្នាយ៉ាងស្វិតស្វាញ
ហើយទាត់បាល់បញ្ចូលទីគ្នាទៅវិញទៅមកជាបន្តបន្ទាប់។ ជាលទ្ធផលកងទ័ពជើងទឹកកម្ពុជា
ទាត់បញ្ចូលទីរបស់កងទ័ពជើងទឹកអាមេរិកចំនួន៤គ្រាប់ ហើយកងទ័ពជើងទឹកអាមេរិក ទាត់បញ្ចូលទីកងទ័ពជើងទឹកកម្ពុជាចំនួន២គ្រាប់។
សូមបញ្ជាក់ថា ការប្រកួតនេះ ក្រុមកងទ័ពជើងទឹកអាមេរិក
មាននាវិកជាស្ត្រីបានចូលលេងផងដែរ។
ការប្រកួតបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ
ហើយបន្សល់នូវអនុស្សាវរីយ៍ល្អៗរវាងគ្នាផងដែរ។
ក្រោយបញ្ចប់ការប្រកួតកីឡាករជាកងទ័ពជើងទឹកកម្ពុជា និងអាមេរិក
បានចាប់ដៃលាគ្នាដោយស្នាមញញឹម ហើយបានថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផងដែរ៕








Post a Comment