ACU គួរបើកការស៊ើបអង្កេតមន្ត្រីគយចល័តខេត្តតាកែវ ដែលសង្ស័យថា បានគាបសង្កត់ឱ្យក្រុមអ្នកបើកបររថយន្តដឹកទំនិញបង់លុយថ្លៃក្បាលឡានតាមរបៀមពុករលួយ

ភ្នំពេញ កាលព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែបុស្ស ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ក្រុមអ្នកបើកបររថយន្តដឹកទំនិញជាច្រើននាក់ បានផ្ទុះការតវ៉ានៅមុខស្នាក់ការគយចល័ត ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាមក្រុមអ្នកបើកបររថយន្តដឹកទំនិញបានប្រាប់អ្នកកាសែតថា មូលហេតុចម្បងគឺដោយសារការមិនពេញចិត្តចំពោះការកំណត់តម្លៃបង់ប្រាក់"ក្បាលឡាន"នៅទីតាំងខាងលើចំនួន ៧មុឺនរៀល(ប្រាំពីរមុឺនរៀល)/រថយន្តមួយគ្រឿង ប៉ុន្តែក្រុមអ្នកតវ៉ាស្នើសុំត្រឹមតែ៣មុឺនរៀល ទៅ ៤មុឺនរៀល។

​ក្រុមអ្នកតវ៉ាបានបញ្ជាក់ទៀតថា ការដំឡើងថ្លៃ(ថ្លៃក្បាលឡាន)ដល់ទៅ ៧មុឺនរៀលនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្រៃដែលពួកគាត់ទទួលបាន ក៏ដូចជាបង្កការលំបាកក្នុងរបរទទួលទានប្រចាំថ្ងៃ ដូច្នេះហើយទើបពួកគាត់បានមកជួបជុំគ្នា ដើម្បីស្វែងរកអន្តរាគមន៍ និងសុំការយោគយល់ពីមន្ត្រីគយប្រចាំការនៅទីនោះ ប៉ុន្តែត្រូវបានមន្ត្រីឈរជើងគោលដៅខាងលើបដិសេធថា មិនបានដឹងរឿងនេះទេ...(បើតាមប្រភពជាកម្លាំងគយចល័តរបស់សាខាខេត្តតាកែវ)។

លោក ស៊ុន ឆាយ ប្រធានសាខាគយ និងរដ្ធការខេត្តតាកែវ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ នេះ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» (Sapor mean Phnom Penh Daily) បានព្យាយាមភ្ជាប់ទំនាក់ទំនងតាមប្រព័ន្ធទូរស័ព្ទ : 078...........ដើម្បីសុំការបំភ្លឺ ប៉ុន្តែលោកមិនលើកទូរស័ព្ទ។

ដោយឡែកពាក់ព័ន្ធការតវ៉ាបិទផ្លូវពីសំណាក់ក្រុមអ្នកបើកបររថយន្តដឹកទំនិញខាងលើនេះដែរ ក្នុងករណីបើសិនជារកឃើញថា មានការកំណត់ថ្លៃក្បាលឡានចំនួន ៧មុឺនរៀល/រថយន្តមួយគ្រឿងមែននោះ គឺជាការប្រព្រឹត្តអំពើពុករលួយក្រៅសេវ៉ាច្បាប់កំណត់ ហើយ ឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកគយ និងរដ្ធការកម្ពុជា គួរតែអនុវត្តនូវអភិក្រមទី៥ ក្នុងការការវះកាត់ ដើម្បីប្រមូលចំណូលពន្ធគយចូលថវិការជាតិ ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក៏គួរតែបើកការស៊ើបអង្កេតជាបន្ទាន់ផងដែរ។

មាត្រា ៣៨ ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយបានចែងថា ! «ការស៊ីសំណូក» ដោយមិនគិតដល់ទណ្ឌកម្មខាងវិស័យជាយថាហេតុ គ្រប់អ្នករដ្ធបាលសុីវិល ឬយោធា គ្រប់ភ្នាក់ងារផ្លូវការរបស់ភាគីណាមួយ ក្នុងចំណោមភាគីទាំងបួននៃកិច្ចព្រមព្រៀងប៉ារីស គ្រប់អ្នកទទួលខុសត្រូវនយោបាយដែលស្នើសុំ ឬប៉ុនប៉ងនឹងស្នើសុំ ឬទទួល ឬប៉ុនប៉ងនឹងទទួល ក្នុងក្របខណ្ឌនៃមុខងារខ្លួន ឬក្នុងឪកាសបំពេញការងារ នូវទ្រព្យសម្បត្តិ សេវាកម្ម ប្រាក់កាសបុគ្គល មុខងារ ឯកសារ សេចក្តីអនុញ្ញាតិ ឬផលប្រយោជន៍អ្វីមួយ ជាថ្នូរនៃរបស់ណាមួយក្នុងចំណោមរបស់ទាំងនេះ គឺបានប្រព្រឹត្តបទឧក្រិដ្ឋសុីសំណូកអកម្ម ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ជាបទឧក្រិដ្ឋ ៣ឆ្នាំ ទៅ៧ឆ្នាំ។

បើតាមប្រភពក្រៅផ្លូវការទំនងអាចជឿទុកចិត្តបានបង្ហើបថា រឿងរ៉ាវនេះកំពុងមានអ្នកលូកដៃអន្តរាគមន៍ប្រសេចប្រសាចផងដែរ ដើម្បីឱ្យមានការលុបចោលព័ត៌មានចេញវិញ...(sic)៕
(សូមរង់ចាំតាមដានសាច់រឿងនេះជាបន្តទៀត)













Powered by Blogger.